(កំពត)៖ បន្ទាប់ពីបានសាងសង់ផ្ទះថ្មី អស់រយៈពេល៧០ថ្ងៃ ជូនលោកយាយ តុល ឃុន អាយុ៩៤ឆ្នាំ និងកូនស្រី២នាក់ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពតរួចមក នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចុះមកប្រគល់ផ្ទះថ្មីជូនលោកយាយ និងកូនស្រីខាងលើជាផ្លូវការ។

ផ្ទះថ្មីដែលផ្ដល់ជូនដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតខាងលើ ធ្វើឡើងអំពីថ្ម ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ៨,២០ម៉ែត្រ មានផ្ទះបាយ និងបង្គន់អនាម័យ។ ការចុះប្រគល់ជាផ្លូវការនេះ ក៏បានពាំនាំទៅជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួន រួមមានអង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ឃីត៣ (មុង ភួយ សារុង ក្រមា) គ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត និងថវិកា១លានរៀល។

លោកយាយ តុល ឃុន និងក្រុមគ្រួសារ មានក្តីសោមនស្សរីករាយ ក្រោយពីទទួលបានទីជម្រកដ៏សមរម្យ ធ្វើឲ្យមានភាពកក់ក្តៅ ក្នុងឆាកជីវិតចុងក្រោយ ដោយមិនមានការភ័យព្រួយពីភ្លៀង ផ្គរ ឬក៏ខ្យល់ដូចមុនទៀតឡើយ។

រឹតតែមានក្តីរំភើបឥតឧបមាជាងនេះទៀតនោះ លោកយាយ និងកូនស្រី បានជួបផ្ទាល់តាមទូរស័ព្ទជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់ក្តី ក៏ពួកគាត់បានថ្លែងតាមទូរស័ព្ទ នូវការដឹងគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកតែងតែគិតគូរពី សុខទុក្ខរបស់ពួកគាត់ ហើយបាននាំយកអំណោយជាច្រើនមកជូន រហូតបានសាងសង់ទីជម្រកថ្មីដូចពេលនេះទៀត។ រីឯ ប្រជាពលរដ្ឋនៅក្បែរនោះ ក៏មានក្តីសប្បាយរីករាយ ពេលបានស្តាប់ឮសំឡេងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមទូរស័ព្ទផងដែរ។

ជាមួយនឹងការប្រគល់ផ្ទះជូនគ្រួសារលោកយាយរួចមក នៅមានការប្រគល់ជូនអណ្ដូងទឹកស្អាតមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់ នៅក្នុងភូមិក្រសាំងប្រមាណ ជាង២០គ្រួសារ ដើម្បីទទួលបានទឹកបរិភោគ និងបង្កបង្កើនផល ពិសេសក្នុងរដូវប្រាំង ព្រោះតំបន់នេះធ្លាប់ប្រឈមនឹងកង្វះទឹកប្រើប្រាស់។

ក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ សម្រាប់លោកយាយ លោកតា ប្រមាណ៥០នាក់ ដែលមកចូលរួមក្នុងពិធីនោះ ក្នុងម្នាក់ៗទទួលបាន សារុង១ និងថវិកាមួយចំនួន។ ដោយឡែក លោកយាយ លោកតា និងប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅក្នុងភូមិជាមួយប្រមាណ ៥០គ្រួសារទៀត ទទួលបានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលតែងតែយកព្រះទ័យ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនរើសអើង និងប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕