(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះពិនិត្យការសាងសង់ផ្ទះថ្មី របស់លោកយាយ ស៊ឹម នីន អតីតមេទ័ពស្រីកាលពីសម័យតស៊ូ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេច សាយ ឈុំ ដែលសម្រេចបាន៩៨ភាគរយហើយ។

ក្រៅពីចុះត្រួតពិនិត្យ ការសាងសង់ផ្ទះរបស់លោកយាយ ស៊ឹម នីន លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានជូនថវិកា១០០ដុល្លារ ផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ លោក ហែម ដារិទ្ធ បានយកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនលោកយាយអតីតមេទ័ព ស៊ឹម នីន ក្រោយពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់ទិញដី មួយកន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានផ្តល់លុយចំនួន៤០០០ដុល្លារ សម្រាប់សង់ផ្ទះ។

អ្នកស្រី ស៊ឹម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហានធ្លាប់ដឹកនាំកូនទាហាន ចេញប្រយុទ្ធនៅលើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយ រំដោះប្រទេសពីរបបខ្មែរក្រហម រហូតដល់សម័យសង្គ្រាមស៊ីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ព នាសម័យ អ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហាជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយឧបត្ថម្ភឲ្យមានជីវភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្ដេចទាំងពីរទទួលបានព័ត៌មានពីការខ្វះខាតខាងជីវភាពរបស់អតីតយុទ្ធជននេះរួចមក៕