(ភ្នំពេញ)៖ លោកស្រី ង្វៀង ធីគីមង៉ាន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា​ នៅល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល២ថ្ងៃនេះ ហើយលោកស្រី នឹងមានជំនួបជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​ នៅម៉ោង៥៖០០ល្ងាច។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ Fresh News។

លោកស្រី NGUYEN THI KIM NGAN ជាប្រធានរដ្ឋសភាថ្មីរបស់វៀតណាម ដែលទើបបា​នឡើងកាន់តំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បីជំនួសលោក ង្វៀន ស៊ីញហុង ដែលផុតអាណត្តិ។

អំឡុងបំពេញទស្សនកិច្ចនៅកម្ពុជានេះ ក្រៅពីជួបសម្តេច ហេង សំរិន លោកស្រីប្រធានរដ្ឋសភាវៀតណាម ដែលទើបនឹងឡើងកាន់តំណែង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ និង ចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាផងដែរ៕