(ម៉ានីល)៖ នៅទីបំផុតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញពីគោលបំណងពិតរបស់ខ្លួននៅក្នុងការខិតទៅរកចិន និងរុស្ស៊ី ដើម្បីអភិវឌ្ឈវិស័យការទូតឯករាជ្យ​មួយដោយ​មិនពឹងផ្អែកទំាងស្រុងលើ សហរដ្ឋអាមេរិក ជាមួយនឹងអ្វីដែលលោកហៅថា ទំនាក់ទំនងដ៏ស្មោះត្រង់។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

តាមការពិតទៅកាលពីសប្ដាហ៍មុន លោក Duterte បានបង្ហាញពីគោលបំណងងាកទៅរកចិនម្ដងរួចមកហើយ បើទោះជាប្រទេសទំាងពីរកំពុងមាន ជម្លោះដែនទឹកនឹងគ្នានៅឯតំបន់សមុទ្រចិន​ខាងត្បូងក៏ដោយ ក៏ប៉ុន្តែគ្រាន់តែថា នៅពេលនេះមិនមែនត្រឹមតែចិននោះទេ សូម្បីតែរុស្ស៊ីក៏លោក  Duterte ​ចង់បង្កើនទំនាក់ទំនងផ្នែកសេដ្ឋកិច្ចយ៉ាងជិតស្និតជាមួយផងដែរ។

ប្រធានាធិបតីហ្វីលីពីនរូបនេះ ដែលត្រូវបានគេស្គាល់តាមរយៈសង្រ្គាមប្រឆំាងនឹងឧក្រិដ្ឋជនជួញដូរគ្រឿង និង ជាមនុស្សមាត់ឆៅបាននិយាយទៅកាន់ អ្នកសារព័ត៌មានថា «ខ្ញុំមិនប្រាកដនោះទេ ក្នុងការត្រៀមខ្លួនកាត់ផ្ដាច់ ពីសហរដ្ឋអាមេរិក ក៏ប៉ុន្តែយើងនឹងបង្កើតសម្ព័ន្ធភាពជាមួយនឹងចិន ខណៈ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitri Medvedev កំពុងទន្ទឹមរង់ចំាដំណើរ ទស្សនកិច្ចរបស់ខ្ញុំ​។ ម្យ៉ាងវិញទៀត ខ្ញុំកំពុងស្ថិតនៅលើចំណុចបែងចែក រវាង ខ្ញុំនិងសហរដ្ឋអាមេរិក ហើយចំណុចនេះមិនអាចត្រឡប់ក្រោយវិញឡើយ»

សូមជំរាបថា បើតាមស្ថានទូតអាមេរិកប្រចំាទីក្រុងម៉ានីល សហរដ្ឋអាមេរិក និង ហ្វីលីពីននឹងធ្វើសមយុទ្ធយោធារួមគ្នាមួយនៅខែតុលាក្រោយនេះ៕