(មីយ៉ាន់ម៉ា)៖ មេដឹកនាំរបស់មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi បានបង្ខំចិត្តសម្រាកពីការងាររដ្ឋរបស់លោកស្រី បន្ទាប់ពីឈឺនៅអំឡុងពេលបំពេញដំណើរ ទស្សនកិច្ចផ្លូវការ ទៅកាន់ក្រៅប្រទេស។ នេះបើតាមមន្ត្រីការិយាល័យរបស់លោកស្រី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។

មេដឹកនាំស្រ្តីវ័យ៧១ឆ្នាំរូបនេះ ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជំងឺរលាកក្រពះ បន្ទាប់ពីវិលត្រឡប់មកពី បំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយនេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រី ទៅកាន់ប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ចាប់តាំងពីលោកស្រី ឡើងកាន់អំណាច កាលពីខែមិនា។

មន្ត្រីការិយាល័យរបស់លោកស្រី លើកឡើងថា «លោកស្រីមានសភាពខ្សោយ ខណៈលោកស្រី មិនមានពេលវេលាសម្រាកគ្រប់គ្រាន់ ក្នុងអំឡុងពេលបំពេញ ដំណើរទស្សនកិច្ច, លោកស្រីមានជំងឺរលាកក្រពះ ដោយសារមិនបានទទួលទានអាហារ ឲ្យបានទៀងទាត់ ហើយលោកស្រី ត្រូវការពេលវេលា ដើម្បីសម្រាកមួយរយៈ»

សុខភាពរបស់លោកស្រី Suu Kyi គឺជាប្រធានបទមួយដែលមានការរំពឹងទុកថា នឹងកើតមានជាយូរណាស់មកហើយ ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលលោកស្រី ទទួលបានការគោរពយ៉ាងខ្លាំង បន្ទាប់ពីបានដឹកនាំអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រឆាំងនឹងអតីតរបបយោធា នៅក្នុងប្រទេសមួយនេះ។

លោកស្រី Suu Kyi បានកាន់តួនាទីសំខាន់ៗជាច្រើន ក្នុងរដ្ឋាភិបាលមីយ៉ាន់ម៉ា​ ក្នុងនោះរួមទាំងជារដ្ឋមន្ត្រីការបរទេស ព្រមទាំងដឹកនាំរដ្ឋាភិបាល នៅក្នុង​តួនាទីយ៉ាងពិសេសមួយជាទីប្រឹក្សារដ្ឋ។
វេជ្ជបណ្ឌិតរបស់លោកស្រី លោក Tin Myo Win បានឲ្យដឹងថា «លោកពិតជាមានភាពមមាញឹកណាស់ ជាមួយនឹងបញ្ហាសុខភាព របស់លោកស្រី Aung San Suu Kyi ហើយលោកមិនបានបញ្ជាក់ពី ព័ត៌មានលម្អិតបន្ថែមនោះទេ»