(ភ្នំពេញ)៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ SUNWAY HOTEL បានរៀបចំកិច្ចប្រជុំ ដើម្បីណែនាំបង្ហាញអំពី វិទ្យាស្ថានអប់រំចិត្តអន្តរជាតិ (International Mind Education Institute) ជាវិទ្យាស្ថានរបស់អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលកំពុងដំណើរការនៅជុំវិញពិភពលោក ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល និងសាកលវិទ្យាល័យ ក្នុងទិសដៅអប់រំ បណ្តុះបណ្តាលស្មារតី និងចិត្តគំនិតយុវជន។

ក្នុងកិច្ចប្រជុំ ក៏បានបង្ហាញអំពីសារៈសំខាន់ នៃការអប់រំចិត្តចំពោះការដោះស្រាយបញ្ហាយុវជន និងការដឹកនាំយុវជនអោយក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត។ ពិធីនេះដែរ ក៏មានការចូលរួមពីលោក តូច ជឿន អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន នៃក្រសួង អប់រំយុវជននិងកីឡា លោកប្រធាន វិទ្យាស្ថានអប់រំចិត្តអន្តរជាតិ អ្នកតំណាងមកពី២០សាកលវិទ្យាល័យ និងអ្នកតំណាងមកពី៣១វិទ្យាស្ថាន។

លោក តូច ជឿន អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដោយពិនិត្យលើស្ថានភាពបច្ចុប្បន្ន បានដឹងហើយថា ការរីកចម្រើនខាងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រថ្មីៗនេះ បាននឹងកំពុងជំរុញដំណើរការវិវត្តន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាជន ពិសេសយុវជនដែលមាន រហូតដល់៣៤ភាគរយ នៃចំនួនប្រជាជន សរុបជាង១៥លាន នាក់ចូលរួមប្រកួតប្រជែង ទាំងការសិក្សាការស្វែងរកការងារធ្វើ ដើម្បីទទួលបានកម្រៃខ្ពស់ និងការរត់ប្រដេញតាមបែប គំនិតសម្ភារៈនិយម ជាហេតុធ្វើឱ្យ ពួកគេងាយជួបប្រទះនឹងបញ្ហាប្រឈមក្នុង ដំណើរជិវិតរស់នៅដែលជាចំណុចផ្តើម នៃជំងឺបាក់ទឹកចិត្ត រហូតដល់ហ៊ានទៅប្រព្រឹត្តបទល្មើសបង្ក បញ្ហាក្នុងគ្រួសារអស្ថេរភាពសង្គម និងការធ្វើអត្តឃាតជាដើម។

លោក តូច ជឿន បានបញ្ជាក់ថា ការអប់រំផ្លូវចិត្តជាវិធីសាស្រ្តដ៏សំខាន់មួយ សម្រាប់ទប់ទល់នឹងស្ថានភាព និងកាត់បន្ថយនូវអំពើហឹង្សា ភាពលោភលន់ នៃផ្នត់គំនិតគ្មានព្រំដែន របស់មនុស្សដូចដែលបណ្តាប្រទេស អភិវឌ្ឍមួយចំនួន បានកំពុងយកចិត្តទុកដាក់ អប់រំទៅលើក្រុមយុវជន។ ការការពារ និងការព្យាបាលរបួសផ្លូវចិត្ត ជាមធ្យោបាយ ដ៏ល្អប្រសើរបំផុត អាចធ្វើឱ្យយុវជនរស់នៅបានប្រកបដោយក្តីសង្ឃឹម និងអាចកំនត់គោលដៅ សម្រាប់អនាគតបានល្អប្រពៃ ដូចដែលអង្គការសម្ព័ន្ធយុវជនអន្តរជាតិ បានអនុវត្តកន្លងមកជាហេតុធ្វើឱ្យ មានការកែប្រែទាំងការគិត និងការប្រព្រឹត្ត របស់យុវជនក្នុងសង្គមពីភាពអស់សង្ឃឹមមកជាមនុស្សមានប្រយោជន៍អាចជួយអ្នកដទៃបាន។

លោក បន្ថែមថា ក្នុងដំណើរការនៃការអភិវឌ្ឍយុវជន ក្រសួងអប់រំ  យុវជន និងកីឡា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់រៀបចំផែនការយុទ្ធសាស្រ្តផែនការសកម្មភាពជាច្រើន ដើម្បីអភិវឌ្ឍយុវជន លើកម្មវិធីបណ្តុះបណ្តាលមួយចំនួនដូចជា៖

-ការបណ្តុះបណ្តាលជំនាញបចេ្ចកទេសជំនាញវិជ្ជាជីវៈ និងជំនាញទន់ ដែលក្នុងនោះគឺសំដៅដល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដើម្បីធ្វើឱ្យយុវជនមានសមត្ថភាព អាចឈានទៅកាន់ ទីផ្សារការងារដែលទទួលបានប្រាក់កម្រៃខ្ពស់ ក្នុងលក្ខណៈប្រកួតប្រជែងទាំងក្នុង និងក្រៅតំបន់
-ការចូលរួមសកម្មភាពសង្គម ដោយស្មារតីទទួលខុសត្រូវ និងការស្ម័គ្រចិត្ត
-ការកសាងសមត្ថភាព បណ្តុះឆន្ទៈក្នុងការសិក្សា ទាំងការអាន និងការសរសេរ
-បង្កើតភាពជាដៃគូក្នុងទំនាក់ទំនងសង្គមរវាងយុវជន និងសហគមន៍
-ការជំរុញលើកទឹកចិត្តឱ្យមានការចូលរួមការការពារបរិស្ថាន សុខភាព អនាម័យ និងការគោរពច្បាប់សង្គម ដូចជា ច្បាប់ចរាចរណ៍ជាដើម
-បង្កើតចក្ខុវ័យវែងឆ្ងាយដើម្បីអនាគតកម្ពុជា ដោយរួមគ្នាការពារ ថែរក្សា និងអភិវឌ្ឍប្រកបដោយចីរភាព ស្រប តាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល
-ត្រូវមានគំនិតផ្តួចផ្តើម គំនិតសហគ្រិនភាព និងត្រូវចេះរៀបចំខ្លួនឱ្យកា្លយជា កូនល្អ មិត្តល្អសិស្សល្អ និងជាពល រដ្ឋល្អសម្រាប់ជំនាន់ថ្មីនៃយើង ពោរពេញដោយសេចក្តីសង្ឈឹមក្នុងចិត្ត ។

ជាមួយគ្នានោះដែរ លោក តូច ជឿន ក៏សូមសម្តែងនូវការកោតសរសើរ ដល់គណៈកម្មការរៀបចំកម្មវិធី របស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ ដោយមានការជួយគាំទ្រយ៉ាងសកម្មពីលោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្រ្តី និងនាយកដ្ឋាន គ្រប់គ្រងមជ្ឈមណ្ឌលយុវជន និងសូមថ្លែងអំណរគុណដ៏ស្មោះ ដល់ការចូលរួម។

សូមបញ្ជាក់ថា អង្គការសម្ព័ន្ធយុវជនអន្តរជាតិ គឺជាអង្គការយុវជនអន្តរជាតិ ដែលមានសាខានៅ៨០ប្រទេស ជុំវិញពិភពលោក និងមានទីស្នាក់ការធំនៅសាធារណរដ្ឋកូរ៉េ ហើយអង្គការ សម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា ជាសាខាដែល បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៤ ដោយការចុះអនុស្សរណៈជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បន្ថែមពីនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកិច្ចព្រមព្រៀងចាប់តាំងពីឆ្នាំ២០១០ ហើយតាមរយៈកម្មវិធីជាច្រើន អង្គការសម្ព័ន្ធយុវជនអន្តរជាតិ នៅកម្ពុជា មានគោលដៅចម្បងរបស់ខ្លួនគឺ ការបណ្តុះនូវស្មារតី៕