(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានទាក់ទងនិងសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលអន្តោប្រវេសន៍ថៃ បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ៣៤នាក់ វិលមក កម្ពុជាវិញដោយសុវត្ថិភាព តាមច្រកព្រំដែនអន្តរជាតិដូង-បានឡែម នៅថ្ងៃទី ២២ កញ្ញា ឆ្នាំ២០១៦។ ជាមួយគ្នានេះដែរ ស្ថានអគ្គកុងស៊ុល បានស្នើដល់សមត្ថកិច្ច ពាក់ព័ន្ធថៃជួយរកមុខ សញ្ញាជនជាតិថៃដែលជាមេខ្យល់ មកផ្តន្ទាទោសតាមច្បាប់។

ការអន្តរាគមន៍របស់ស្ថាប័នពាក់ព័ន្ធ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព័ត៌មានក្នុងប្រព័ន្ធឃោសនា ស្តីពីករណីអាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់ ៣៦នាក់ ដែលទៅធ្វើការ បេះផ្លែឈើនៅខេត្តឈៀងម៉ៃ ប្រទេសថៃ។ កាលពីថ្ងៃទី ២២ កញ្ញា ២០១៦ ស្ថានអគ្គកុងស៊ុល បានចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរទាំង ៣៤នាក់ (មនុស្សធំ ២៧នាក់ និងក្មេង៧នាក់) (ពុំមែន៣៦នាក់ទេ) នៅទីស្នាក់ការអន្តោប្រវេសន៍ខេត្តច័ន្ទបុរី ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ កក្កដា ២០១៦ ប្រជាពលរដ្ឋខ្មែរបានចូលទៅប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិដូង(បាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី) ដោយប្រើប័ណ្ណចេញចូលប្រចាំថ្ងៃ។ នៅថ្ងៃដដែលមានមេខ្យល់ជនជាតិថៃ បញ្ចុះបញ្ចូលពួកគាត់ទៅធ្វើការងារបេះផ្លែមៀន និងផ្លែតាង៉ែន នៅខេត្តឈៀងម៉ៃ។  ពេលធ្វើការបាន១ខែកន្លះ ថៅកែពុំបើកប្រាក់ឈ្នួលឲ្យហើយ បាន ដឹកពួកគាត់យកទៅទម្លាក់ចោលនៅកន្លែងស្ងាត់នៅក្នុងខេត្តឡាំភូន ភាគខាងជើងប្រទេសថៃ រួចគេចខ្លួនបាត់។

ដោយមានការជួយកអាសារពីអ្នកស្រុកថៃ នៅថ្ងៃទី ១០ កញ្ញា ២០១៦ពួក គាត់បានធ្វើដំណើរមកដល់ផ្លូវជាតិ ប្រទះនឹងនគរបាលខេត្ត ហើយក៏នាំពួកគាត់មកឃុំឃាំងសាកសួរព័ត៌មាន និងបានបញ្ជូនមកអន្តោប្រវេសន៍ខេត្តច័ន្ទបុរី។ ដោយពលរដ្ឋទាំងនេះជាជនឆ្លង ដែនខុសច្បាប់ នគរបាលថៃបានសំរេចបញ្ជូន ពួកគាត់ត្រឡប់ទៅកម្ពុជាវិញ៕