(ហ្សាការតា)៖ អ្នកនំាពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Herni Pramuhardjo បានបញ្ជាក់ថា វត្ថុម្យ៉ាងដែលបានផ្ទុះនៅលើអាកាស និងបានធ្លាក់ចំតំបន់ប្រជាជនរស់នៅ នៃភាគខាង​កើតនៃកោះជ្វា ស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះមិនមែនជាយន្ដហោះនោះទេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ការលើកឡើងរបស់លោក Herni Pramuhardjo ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថា វត្ថុសង្ស័យខាងលើគឺជាយន្ដហោះមួយគ្រឿង បានផ្ទុះនៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងហ្សាការតា) និងក្រោយមកបានធ្លាក់នៅឯតំបន់ Gili Ginting។ អ្នកនំាពាក្យរូបនេះ បានន្ថែមថា​ «ព័ត៌មានដែលថាវត្ថុសង្ស័យនោះជាយន្ដហោះ គឺជារឿងមិនពិតទេ ព្រោះថាអាជ្ញាធរ នៅក្នុងខេត្ត Surabaya មិនបានរាយការណ៍ថា មានយន្ដហោះបាត់ចេញពីប្រព័ន្ធទាក់ទងឡើយ»

ទោះបីជាយ៉ាងណាក៏ដោយ លោក Herni Pramuhardjo មិនបានបញ្ជាក់ថាវត្ថុសង្ស័យនោះជាអ្វី ឱ្យប្រាកដនៅឡើយទេ ដោយត្រូវរង់ចាំក្រុមជំនាញធ្វើការពិនិត្យជាមុនសិន៕