(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានថ្លែងអំពីសារសំខាន់នៃសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែលោកថា សារព័ត៌មាន ប្រៀបដូចជាអាវុធមុខពីរ ដែលនាំឱ្យមានសុខដុមរមនាផង ឬអាចបង្កើតកលិយុគផង បើសិនជាមិនប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ។

ក្នុងពិធីសម្ពោធវិទ្យុថ្មី «Vibe Radio» ដែលចូលរួមវិនិយោគដោយបារាំង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ  លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឲ្យលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានបានឲ្យដឹងថា «សារព័ត៌មានរួមចំណែកយ៉ាងធំធែងបំផុត ក្នុងការអភិវឌ្ឍជាតិ ការផ្សព្វផ្សាយរបស់យើង ពេលដែលយើងផ្សព្វផ្សាយ ទៅអាចធ្វើឲ្យប្រទេសជាតិយើង ទាំងមូលក៏អាចធ្វើឲ្យសុខដុមរមនា និងកលិយុគបានដែរ បើសិនជាការផ្សព្វផ្សាយរបស់យើងមា​នចេនតនាណាមួយ»

លោកបានបន្តទៀតថា ការផ្សព្វផ្សាយរបស់សារព័ត៌មានខ្មែរ ត្រូវធ្វើយ៉ាងណាគោរពទៅតាមក្របសីលធម៌ វីជ្ជាជីវៈ បើព័ត៌មានបែបកំសាន្តត្រូវតែបង្កប់នៅសារអប់រំ។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ ក៏បានជំរុញឱ្យ វិទ្យុថ្មី «Vibe Radio» ដែលមានហ្វ្រេកង់ ៩៤.៥ MHz សម្ពោធនាពេលនេះ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕