(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន បានរាយការណ៍នៅថ្ងៃចន្ទនេះ ពីករណីឆ្លងដំបូងនៃវីរុស Zika ទៅលើស្រ្តីម្នាក់អាយុ២២ឆ្នាំ មកពីភាគកណ្ដាលនៃកោះ Cebu ដែលកំពុងពពោះ១៩សប្ដាហ៍ ខណៈចំនួន ករណីឆ្លងវីរុស Zika បានកើនដល់១២ករណី បន្ទាប់ពីករណីឆ្លងថ្មីបីករណីបន្ថែមទៀតត្រូវបានគេ រាយការណ៍នៅថ្ងៃចន្ទ។ នេះបើតាមការផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

លោក Paulyn Ubial រដ្ឋលេខាធិការក្រសួងខាងលើ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីក្នុងចំណោមនោះ ត្រូវបានគេរាយការណ៍ ថាបានរកឃើញនៅក្រុង Iloilo ស្ថិតនៅភាគកណ្តាល ប្រទេសហ្វីលីពីន រីឯករណីសរុបទាំង១២ គឺជាការឆ្លងនៅក្នុងប្រទេស ហើយគ្មានករណីណាឆ្លងតាម មធ្យោបាយអ្វីផ្សេងក្រៅពី «សត្វមូស» ខាំនោះឡើយ។

ទន្ទឹមគ្នានេះដែរលោក Ubial ក៏បានស្នើឲ្យមន្រ្តីក្រសួងសុខាភិបាលទាំងអស់ ជាពិសេសនៅតាមតំបន់ ដែលមានករណីឆ្លងវីរុស Zika ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត និងបង្កើតយុទ្ធនាការកម្ចាត់ «សត្វមូស» ដែលមានប្រសិទ្ធភាពជាងមុន។ ដោយឡែក គេនៅមិនទាន់ដឹងថា តើស្ត្រីមានផ្ទៃពោះ ត្រូវសម្រេចចិត្តរំលូតកូនចេញ តាមការណែនាំរបស់គ្រូពេទ្យ ដែរឬមួយក៏អត់នោះឡើយ៕