(សេអ៊ូល)៖ ប្រភពព័ត៌មានពីកូរ៉េខាងត្បូង បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា នាយកប្រតិបត្តិការនានា នៃធនាគារកូរ៉េខាងជើងមួយ ដែលមានសាខានៅប្រទេសចិន ត្រូវបានអាជ្ញាធរចិន​ធ្វើការស៊ើប​អង្កេត ដោយសង្ស័យថា ពួកគេមានការជាប់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង តាមរយៈការលួចលាក់ ផ្តល់ជំនួយ ដែលពិភពលោកកំពុងថ្កោលទោសធ្ងន់ៗនោះ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

ជុំវិញបញ្ហាកូរ៉េខាងជើងនេះដែរ សេតវិមានអាមេរិកបានប្រកាសថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នារួចហើយ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដូចជាការយកច្បាប់មកអនុវត្តន៍ឲ្យបានតឹងរ៉ឹងលើកូរ៉េខាងជើងជាដើម បន្ទាប់ពីការធ្វើតេស្តគ្រាប់បែក នុយក្លេអ៊ែរ ជាលើកទី០៥ កាលពីថ្ងៃទី០៩ ខែកញ្ញា នោះ។

ទោះបីប្រទេសចិន ជាសម្ព័ន្ធមិត្តស្នូលរបស់កូរ៉េខាងជើងក៏ដោយ ក៏ទីក្រុងប៉េកាំងបានបង្ហាញជំហរច្បាស់ រួចមកហើយថា ខ្លួនមិនដែលគាំទ្រកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីល របស់ទីក្រុងព្យុងយ៉ាងឡើយ។ អ្វីដែល ប្រទេសចិនបានចាប់ផ្តើមសម្រាប់ ប្រតិបត្តិការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ ក្នុងតំបន់របស់ខ្លួននោះ គឺការបើកការស៊ើបអង្កេតទៅលើធនាគារ Kwangson របស់កូរ៉េខាងជើង ដែលកំពុងដំណើរការសាខា របស់ខ្លួននៅទីក្រុង Dandong ប្រទេសចិន ដោយត្រូវបានគេសង្ស័យថា បានលួចលាក់ឧបត្ថមហិរញ្ញវត្ថុ ដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង៕