(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលបំភ្លឺជូន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះករណីដែលលោកបានដាក់ពាក្យប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ពីបទបរិហារកេរ្តិ៍ កាលពីថ្ងៃទី១ ខែកញ្ញា។

លោក ម៉ម សូណង់ដូ ធ្លាប់បានប្រាប់ Fresh News ឲ្យដឹងថា ចំពោះករណីនេះ លោកប្តឹងទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ហើយលោក ម៉ូម សូណង់ដូ ក៏ចង់សំណូមពរតុលាការជំរុញឲ្យមានការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។

លោក​ព្រះ​រាជ​អាជ្ញា​រង​ លោក​ ស្រី​ ម៉ាក​នី ជាកាន់សំណុំរឿងនេះ។

សូមបញ្ជាក់ថា​ ករណីនេះដើមឡើយមានប្រិយមិត្តម្នាក់ឈ្មោះ ប៊ុន ធឿន បានប្រាប់ដល់វិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដោយអះអាងព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្រ្ត ២នាក់ ប៉ុន្តែឯកឧត្តម សម រង្ស៊ី ឲ្យតែម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិនពេញចិត្ត ក៏បង្កើតគណបក្សនឹងមក ដើម្បីផ្ចាញ់ផ្ចាល់ ខឹងគេអត់ឲ្យតំណែង»។ នេះបើតាមការរៀបរាប់លិខិតរបស់ លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះកន្លងមក។ ប៉ុន្តែចំពោះរឿងនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ពុំបានបំភ្លឺនោះទេ ថែមទទួលទទួលស្គាល់នូវសង្ឃដីការបស់ព្រះអង្គទៀតផង។

នាពេលកន្លងទៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា ព្រះតេជគុណមិនចាប់អារម្មណ៍ នឹងការគំរាមប្តឹងរបស់ លោក ម៉ម សូណង់ដូនោះ ទេ ហើយថា អ្វីដែលព្រះអង្គធ្លាប់លើកឡើងនោះ គឺជាការបញ្ចេញមតិតែប៉ុណ្ណោះ៕