(ហ្សាកាតា)៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា ខេត្ត West Java ដែលនៅស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី បានរងការវាយប្រហារដោយ គ្រោះទឹកជំនន់ និងការរអិលបាក់ដីយ៉ាងសម្បើម ដោយបានឆក់យកជីវិតមមនុស្សចំនួន២៧នាក់ ខណៈក្រុមជួយសង្រ្គោះ កំពុងបន្តស្វែងរកអ្នក ដែលកំពុងបាត់ខ្លួនចំនួន២២នាក់ទៀត។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារខាងលើបានបញ្ជាក់ថា គ្រោះទឹកជំនន់ បានកើតឡើងនៅតាមទីតាំងមួយចំនួន ក្នុងសង្កាត់ Garut និង បានបណ្តាលឲ្យខូចខាតផ្ទះ ៩៥១ខ្នង។ ជាមួយគ្នានេះដែរ ប៉ូលីស ទាហាន និងភ្នាក់ងារជួយសង្រ្គោះ សរុប១,៦០០នាក់ កំពុងចូលរួមសហការគ្នា ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះជនរងគ្រោះនៅក្នុងមហន្តរាយដ៏អាក្រក់នេះ។

បន្ថែមពីនេះទៀត គ្រោះទឹកជំនន់នេះក៏បានបណ្តាលឲ្យ មនុស្ស៣២នាក់ទទួលរងបួស និងបានបង្ខំប្រជាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ៤៣៣គ្រួសារ ឲ្យជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព ដែលត្រូវបានរៀបចំដោយរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់តាមសម្តី លោក Sutopo Purwo Nugroho បន្ថែមទៀតថា នៅសង្កាត់ Sumedang វិញ មនុស្សបីនាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ការរអិលបាក់ដី បានវាយលុកចំទីតាំងនោះ។ ប្រទេសឥណ្ឌូណេស៊ី តែងទទួលរងការវាយប្រហារដោយ គ្រោះទឹកជំនន់និងការរអិលបាក់ដី ធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង៕