(ព្រះវិហារ)៖ ដើម្បីបង្កាទប់ស្កាត់ជំងឺ «Zika» ដែលកំពុងរីករាលដាល នៅប្រទេសមួយចំនួន នៅពិភពលោករួចមកនោះ នៅ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្ទាប់ពីទទួលបានការណែនាំផ្ទាល់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានបើកយុទ្ធនាការចុះបាញ់ថ្នាំ ដើម្បីទប់ស្កាត់ជំងឺ Zika និងជំងឺគ្រុនចាញ់ ដែលឆ្លងតាមសត្វមូស និងធ្វើការផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋផងដែរ។ ប្រតិបត្តិការនេះ នឹងបន្ដធ្វើឡើង នៅគ្រប់សង្កាត់ផ្សេងៗ ក្នុងក្រុងព្រះវិហារ និងបណ្ដាស្រុកផ្សេងៗ ទៀត។

លោកប្រធានមន្ទីរបានបន្តថា ក្រុមការងារ បានធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះប្រើវិធីការពារ កុំឱ្យមូសខាំដោយសម្រាក ក្នុងមុងជានិច្ច ត្រូវសម្អាតលំនៅដ្ឋាន កុំឱ្យមានទឹកដក់ និងមានអនាម័យខ្ពស់ ដោយគោរពតាមទិសស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» លោកប្រធានបានសង្កត់ធ្ងន់ថា មូសខ្លាជាប្រភពចម្លងជម្ងឺគ្រុនឈាម គ្រុនឈិក និងជំងឺ ZIKA ដែលបាននិងកំពុង កើតមានឡើង នៅតាមបណ្តាប្រទេសជិតខាងហើយសម្រាប់កម្ពុជាចំពោះជំងឺ ZIKA ពុំទាន់កើតមានឡើងនៅឡើយទេ។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋគ្រប់រូបត្រូវ ដេកក្នុងមុង ត្រូវស្លៀកពាក់ខោអាវឲ្យក្មេងៗឱ្យបានជិតល្អជៀសវាង មូលខ្លាខាំដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺZIKA ដែលពិភពលោកកំពុងខិតខំទប់ស្កាត់ និងព្រួយបារម្មណ៍ យ៉ាងខ្លាំងបំផុត៕