(ម៉ានីល)៖ មន្ត្រីរដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះថា ក្រុមមន្ត្រីការទូតហ្វីលីពីន កំពុងពិភាក្សាគ្នាមួយជានឹងសមាភាគី ចិន និង ជប៉ុន ក្នុងគោលបំណងរៀបចំ ដំណើរទស្សនកិច្ច និង កាលបរិច្ឆេទជាក់លាក់ សម្រាប់ប្រធានាធិបតីដ៏ល្បីល្បាញតាមសារព័ត៌មាន លោក Rodrigo Duterte នៅខែតុលា ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរ ខាងក្រសួងការបរទេសជប៉ុន បានទទួលស្គាល់ហើយថា​ គំរោងនៃដំណើរទស្សនកិច្ច នេះ កំពុងស្ថិតនៅក្នុងការពិភាក្សា ខណៈទីក្រុងប៉េកំាងពុំទាន់ឆ្លើយតបនៅឡើយទេ។ ក៏ប៉ុន្តែនៅក្នុង សុន្ទរកថាមួយ នៅថ្ងៃព្រហស្បតិ៍ លោក Duterte បានលើកឡើងថា លោកនឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះ ហើយក៏មិនបានបញ្ជាក់អ្វីលម្អិតនោះដែរ ក្រៅតែពីការាប្រាប់ ពាណិជ្ជករចិនថា «អ្នកនឹងបានជួបខ្ញុំញឹកញាប់»។

ចំពោះទំនាក់ទំនងរវាង ហ្វីលីពីន និង ជប៉ុន មិនសូវជាមានភាពរកំារកូសនឹងគ្នាទេ តែជាមួយនឹងចិនវិញ គឺមើលមុខគ្នាសឹងតែមិនចំឡើយ​ ដោយសារជម្លោះដែនដីនៅសមុទ្រចិនខាងត្បូង។ យ៉ាងណាក៏ដោយ ចាប់តំាងពីលោក Duterte​ ស្បថចូលកាន់ដំណែងជាប្រធានាធិបតីហ្វីពីនកាលពីខែមិថុនា ទីក្រុងម៉ានីល ហាក់ដូចជាមានភាពទន់ភ្លន់ ជាមួយនឹងចិន ជាក់ស្ដែងលោក Duterte ធ្លាប់បានសរសើរប្រទេសចិន តែបែរជាជេរមន្ត្រី និងសូម្បីប្រធានាធិបតីសហរដ្ឋអាមេរិក។

ដោយឡែកបើតាមការលើកឡើងពីអ្នកវិភាគមួយចំនួន អាកប្បកិរិយានិងការប្រើពាក្យគំរោះគំរើយ ជេរប្រមាថ សហរដ្ឋអាមេរិក, អង្គការសហប្រជាជាតិ, និង សហភាពអឺរ៉ុប ពីសំណាក់លោក Duterte គឺបង្ហាញថា លោកមានគោលបំណងឆ្ពោះទៅរក គោលនយាបាយការបរទេសដ៏ឯករាជ្យមួយ និង ដើម្បីកាត់បន្ថយការពឹងផ្អែកទំាងស្រុង ទៅលើសហរដ្ឋអាមេរិក។   

គួរបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ លោក Duterte បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវក្នុង ឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង ឥណ្ឌូណេស៊ី ​ហើយលោកគ្រោងនឹងបំពេញ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដែរ នៅសប្ដាហ៍ក្រោយនេះ ដែលសុទ្ធសឹងតែជាប្រទេស កំពុងមានជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូងដូចគ្នា៕