(យូអិន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se បានចោទប្រកាន់កូរ៉េខាងជើង ថាបានមើលស្រាល មិនគោរពអង្គការសហប្រជាជាតិ ដោយរដ្ឋនេះនៅតែបន្ត​អភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន ហើយលោកបានស្នើឲ្យអន្តរជាតិធ្វើការពិចារណាឡើងវិញ លើសមាជិករបស់កូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិលោក Yun បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែចាត់វិធានការដាក់ទណ្ឌកម្មឲ្យខ្លាំងជាងមុន លើប្រទេសកូរ៉េខាងជើង និងកែតម្រូវរាល់ចន្លោះប្រហោងនានា នៅក្នុងវិធានការបច្ចុប្បន្ន។

លោក Yun Byung-se បានថ្លែងថា «ការបំពានដដែលៗនិងការមិនគោរពរបស់កូរ៉េខាងជើង លើដំណោះស្រាយរបស់ក្រុមប្រិក្សាសន្តិសុខនិងច្បាប់អន្តរជាតិ គឺមិនធ្លាប់កើតមានឡើងនៅក្នុង ប្រវត្តិសាស្រ្តអង្គការសហប្រជាជាតិនោះឡើយ»។ លោករដ្ឋមន្រ្តីបន្តថា «កូរ៉េខាងជើងកំពុងតែ មើលស្រាលនូវអំណាចរបស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ ហេតុដូច្នេះខ្ញុំជឿថាវាគួរតែដល់ ពេលវេលា គិតគូរឡើងវិញឲ្យបានត្រឹមត្រូវ ថាតើកូរ៉េខាងជើងមានសិទ្ធិស័ក្តសមជាសមាជិក UN ដែលស្រឡាញ់សន្តិភាពដែរឬយ៉ាងណា ខណៈប្រទេសជាច្រើនបាននិងកំពុងចោទសួរលើបញ្ហានេះ»

ជាចុងក្រោយ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថានេះគឺជា «ឱកាសចុងក្រោយ» ដើម្បីបញ្ឈប់មហិច្ឆិតានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានចូលជាសមាជិក អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩១ ស្របពេលជាមួយគ្នានឹងកូរ៉េខាងត្បូងដែរ៕