(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កំណាត់ផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រសាវីណា ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងកង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងនូវការលិចលង់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធំមួយយប់ទល់ភ្លឺ នៅខេត្តកំពង់ស្ពឺ។

រហូតដល់ពេលនេះ កំណាត់ផ្លូវនោះនៅតែបន្តលិចលង់ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន។

ប្រជាពលរដ្ឋបានបញ្ជាក់ថា រៀងរាល់ឆ្នាំនៅមុខរោងចក្រខាងលើនេះ មានការលិចលង់ជាបន្តបន្ទាប់ នៅពេលចូលរដូវវស្សាម្តងៗ។ ជាមួយគ្នានេះ ពួកគេក៏បានឃើញអាជ្ញាធរដាក់លូធំៗនៅតំបន់នោះដែរ ក៏ប៉ុន្តែហាក់ពុំមានប្រសិទ្ធភាពទេ ដោយសារតែលូទាំងនោះចូលសំរាមពេញ។

ពលរដ្ឋក៏សំណូមពរឱ្យអាជ្ញាធរកែសម្រួលឱ្យបានល្អ នូវតំបន់នោះឡើងវិញ៕