(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីចែកសញ្ញាបត្រ​ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីរីករាយ បន្ទាប់ពីឃើញធនធានមនុស្សចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងពីគ្រប់ភាគីពាក់ព័ន្ធ។

* សម្តេចតេជោ បានបង្ហាញក្តីរំពឹងនិស្សិតទាំងអស់ នឹងយកចំណេះដឹងទៅជួយអភិវឌ្ឍន៍ប្រទេសជាតិ និងប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានៅការវិវឌ្ឍន៍របស់ពិភពលោក។ សម្តេចតេជោ ក៏រំពឹងថា និស្សិត ដែលមិនទាន់ការងារធ្វើនឹងប្រឹងប្រែង ស្វែងរកការងារធ្វើតាមរយៈទីផ្សារ។

* ពាក់ព័ន្ធបញ្ហានយោបាយសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងមានភាពស្ងប់ស្ងាត់បែបនេះ។ សម្តេចតេជោថា ការស្ងប់ស្ងាត់បែបនេះមានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ «នរណាបាញ់នរណាមុន»។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត បើទោះបីរវល់ក៏ដោយមិនត្រូវបោះបង់សិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។

* សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កម្មករ កម្មការិនី អាចចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅកន្លែងធ្វើការរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ដំណើរការចុះឈ្មោះបោះឆ្នោតកំពុងដំណើរការទៅដោយល្អប្រសើរ ដែលជាភាពរីករាយសម្រាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសម្រាប់បក្សនយោបាយនៅកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ឆ្នាំនេះទឹកច្រើនល្អ ប៉ុន្តែមិនមានស្ថានភាពលេចលង់ធ្ងន់ធ្ងរដូចឆ្នាំ២០០០ និង ២០១១នោះទេ។ សម្តេចបញ្ជាក់ថា ឆ្នាំនេះទោះជាយ៉ាងណាក៏ត្រូវរៀបចំបុណ្យអ៊ុទូកដែរ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីថា សម្តេចតេ គឺជាអ្នកបានស្នើសុំនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ៊្សូអាបេ ដោយផ្ទាល់ក្នុងពេលលោកមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ក្នុងការធ្វើកំណែទម្រង់បោះឆ្នោតជាកញ្ចប់ ក្នុងនោះរួមមានការកែទម្រង់ប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរកសន្តិភាពបាន និងការប្រឹងប្រែងសាងសង់ប្រព័ន្ធធារាស្រ្ត ព្រមទាំងការដាក់ចេញយុទ្ធសាស្រ្តក្នុងការធ្វើស្រូវស្រាល ជាកត្តានាំឲ្យប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យទទួលបានទិន្នផលខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន អរគុណដល់មន្រ្តីរាជការទាំងអស់ ដែលបានជួយទិញស្រូវពីប្រជាពលរដ្ឋ ប៉ុន្តែសុំស្នើឲ្យអ្នកទិញទាំងអស់ជួយចាត់ចែងដឹកអង្ករចេញពីឃ្លាំង ដើម្បីចែកជូនក្រុមគ្រួសារបងប្អូន ឬយកមកផ្ទះរបស់យើងតែម្តង។

​* សម្តេចតេជោ ហ៊ុន សែន អំពាវនាវសូមកុំឱ្យរថយន្តឈ្នួលទាំងឡាយ ឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយបើកបរដោយយកចិត្តទុក ដាក់គោរពច្បាប់ចរាចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលនឹងធ្វើដំណើរទៅស្រុកកំណើត ឬទៅធ្វើបុណ្យនៅតំបន់នានាក្នុងឱកាសបុណ្យកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើដំណើរដោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបរ ហើយត្រូវបើកបរដោយការគោរពច្បាប់ចរាចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា និងចែកសញ្ញាបត្រដល់និស្សិត នៅវេលាម៉ោង៩៖០០នាទី !