(ភ្នំពេញ)៖ វិបត្តិផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ពិតជាបាននិងកំពុងកើតមានឡើង ដោយសារតែត្រីស្អុយមួយ នៅក្នុងកន្ត្រករបស់បក្សប្រឆាំងមិនព្រមយកចេញ ហើយបាននាំឲ្យត្រីជាច្រើនទៀត ក្នុងកន្ត្រកនោះស្អុយ ងាប់ជាបន្តបន្ទាប់។

«ត្រីស្អុយ» អាចគេនិយាយសំដៅទៅលើថ្នាក់ដឹកនាំបក្សនោះ ដែលកំពុងវ័ណ្ឌកផ្លូវច្បាប់ ហើយសម្ងំពួនជ្រកនៅទីស្នាក់ការបក្ស និងបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់ជាប់គុក ហើយសកម្មជនមួយចំនួនទៀត ដែលត្រៀមខ្លួនដើម្បីចូលរួមក្នុងសកម្មភាពប្រឆាំងការអនុវត្តច្បាប់ របស់សមត្ថកិច្ច ក្រោមហេតុផល ធ្វើ « មហាបាតុកម្ម» ដើម្បីការពាររឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ក៏អាចនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ផងដែរ។

តើស្ថិតនៅក្នុងស្ថានភាពដ៏តានតឹង និងជិតដល់ថ្ងៃបាត់សិទ្ធិនយោបាយទាំងស្រុង នៅពេលដ៏ខ្លីខាងមុខទៀតនេះ បន្ទាប់ពីសាលក្រមចូលជាស្ថាពរ តើលោក កឹម សុខា បាននិងកំពុងខិតខំធ្វើអ្វីខ្លះក្នុងដំណាក់កាលនេះ?

មន្ត្រីជាន់ខ្ពស់កូតាលោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា លោកប្រធានស្តីទី កឹម សុខា បាននិងកំពុងពង្រឹងកម្លាំងរបស់ខ្លួន គឺដាច់ខាតមិនឲ្យខាងកូតាលោក សម រង្ស៊ី គ្រប់គ្រងគណបក្សសង្គ្រោះជាតិបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដូច្នេះហើយកិច្ចការដ៏សំខាន់ និងចាំបាច់បំផុតចំពោះមុខរបស់លោក កឹម សុខា ក្រៅពីការក្រាញននាលប្រឆាំងច្បាប់ និងការតំឡើងសំឡេងយ៉ាងសន្ធាប់វាយប្រហារទៅលើបក្សកាន់អំណាច ជាពិសេសការបំពុលបំភាន់ និងកសរបង្វែររឿង អាស្រូវផ្លូវភេទ របស់ឲ្យទៅជារឿងនយោបាយ ដោយយកបក្សមកធ្វើជាខែលការពារខ្លួននោះ គឺគាត់ត្រូវតែខិតខំរៀបចំពង្រឹងកម្លាំងរបស់ខ្លួនឲ្យហើយ មុនពេលគាត់ ត្រូវចាកចេញពីគណបក្ស អាចថា រៀបចំខ្លួនដើម្បីទៅសម្រាកនៅពន្ធនាគារព្រៃសរនាពេលខាងមុខនេះ។

មន្ត្រីកូតាលោក សម រង្ស៊ី រូបនេះ បានឲ្យដឹងថា ថ្មីៗនេះលោក កឹម សុខា បានទទួលយកយោបល់របស់ ស៊ីសុវត្ថិធម្មិកោ ដែលជានិច្ចកាលខ្សែរាជវង្សអង្គនេះ តែងតែលើកទូល និងអែបអបលោក កឹម សុខា ដើម្បីឲ្យគេចាប់អារម្មណ៍ចំពោះគាត់ បើទោះជាដឹងថា លោក កឹម សុខា ក្លាយជាជនជាប់ចោទក្នុងរឿងអាស្រូវផ្លូវភេទក្តី ក៍គាត់ត្រូវតែចេញមុខការពារ និងម៉្យាងទៀតព្រះអង្គម្ចាស់រូបនេះ ក៏តែងតែឆក់ឱកាសផងដែរ ដើម្បីផ្ញើសារវាយប្រហារមកលើរាជរដ្ឋាភិបាល ខណៈដែលការបញ្ចេញ មតិរិះគន់របស់គាត់មុនៗ បានរងនូវការស្តីបន្ទោសយ៉ាងខ្លាំង ពីប្រមុខដឹកនាំប្រទេស។

គេបានដឹងថា អ្នកនយោបាយមួយចំនួនតែងតែប្រើគ្រប់វិធីសាស្ត្រ ដើម្បីស្វែងរកការទាក់ទាញប្រជាប្រិយ៍ភាព និងក៏អាចប៉ុនប៉ងដណ្តើមឥទ្ធិពលនៅក្នុង បក្សរបស់ខ្លួនផងដែរ តាមឱកាសដែលអាចធ្វើបាន ឬតាមរយៈមធ្យោបាយទុចរិតផ្សេងៗ ដើម្បីបន្ទាបបន្ថោកតម្លៃដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន (លោក សម រង្ស៊ី) ដែលធ្លាប់មានប្រវត្តិឈ្លោះប្រកែកគ្នា នៅមុនពេលចាប់ផ្តើមបង្កើតគណបក្សសង្គ្រោះជាតិមកម៉្លេះ។

ព័ត៌មានបានបង្ហើបឲ្យដឹងថា ថ្មីៗនេះ លោក កឹម សុខា បានទទួលយកយោបល់របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ក្នុងការរៀបចំឲ្យលោក ថាច់ សេដ្ឋា បច្ចុប្បន្ន ជាមនុស្សជំនិតម្នាក់របស់លោក កឹម សុខា ឲ្យធ្វើជាអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ។

លោក ថាច់ សេដ្ឋា គឺជាសមាជិកគណៈកម្មាធិកាអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ជាអនុប្រធានគណៈកម្មការតស៊ូមតិក្នុងបក្ស និងជាប្រធានសមាគម ខ្មែរកម្ពុជាក្រោមផងដែរ។ តើគម្រោងការរៀបចំឲ្យលោក ថាច់ សេដ្ឋា ធ្វើជាអ្នកនាំពាក្យគណបក្សប្រឆាំង នឹងប៉ះពាល់អ្វីខ្លះដល់សតិអារម្មណ៍របស់មន្ត្រីជាន់ខ្ពស់កូតា សម រង្ស៊ី ជាពិសេសលោក សម រង្ស៊ី ផ្ទាល់តែម្តង? តើលោក យឹម សុវណ្ណ ដែលបច្ចុប្បន្នជាអ្នកនាំពាក្យ របស់បក្សប្រឆាំងជាបុគ្គលអសមត្ថភាពមែន ឬ បានជាត្រូវផ្លាស់ប្តូរជំនួសដោយលោក ថាច់ សេដ្ឋា ឬមួយក៏ជាការពង្រឹងកម្លាំងរបស់ខ្លួន មុនពេលចាកចេញ?

គេបានដឹងថា នៅក្នុងរចនាសម្ព័ន្ធការងារថ្មី នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្សប្រឆាំង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ក្រោមការដឹកនាំផ្ទាល់របស់ជនជាប់ចោទកឹម សុខា បានចាត់តាំងឲ្យលោក ថាច់ សេដ្ឋា ធ្វើជាអនុប្រធាន ទទួលបន្ទុករៀបចំផែនការ និងជាអ្នកនាំពាក្យគណៈកម្មការតស៊ូមតិ ហើយនៅពេលខាងមុខនេះ លោក កឹម សុខា មានផែនការនឹងរៀបចំឲ្យលោក ថាច់ សេដ្ឋា ប្រែក្លាយពីអ្នកនាំពាក្យគណៈកម្មការតស៊ូមតិ ទៅជាអ្នកនាំពាក្យផ្លូវការរបស់គណបក្សប្រឆាំងតែម្តង។

ការគិតទុកជាមុនបែបនេះ ដោយលោក កឹម សុខា យល់ថា ការប្រកាសក្តុងក្តាំងរបស់គាត់ឲ្យសកម្មជនងើបឡើង ដើម្បីចូលរួមធ្វើមហាបាតុកម្ម បើទោះជាត្រូវ ប្រឈមនឹងការព្រមានរបស់រដ្ឋាភិបាល ហាមឃាត់មិនឲ្យដឹកនាំធ្វើមហាបាតុកម្មនោះក្តី ប៉ុន្តែលោក កឹម សុខា អាចសង្ឃឹមថា «វាជាដំណាក់កាលតស៊ូមតិ» ដូច្នេះហើយ អ្នកដែលហ៊ានចេញមុខ និងទុកចិត្តបំផុតដើម្បីឆ្លើយឆ្លងជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជាលោក ថាច់ សេដ្ឋា វិញម្តង ដែលលោក កឹម សុខា គិតថា អាចបង្គាប់បញ្ជាផ្ទាល់ថា គួរនិយាយបែបនេះ ឬបែបនោះបានដោយងាយស្រួលទៅកាន់មហាជន ហើយដែលការបង្គាប់នេះ លោក កឹម សុខា នឹងមិនអាចធ្វើ បានឡើយទៅលើលោក យឹម សុវណ្ណ ដែលជាមន្ត្រីជាន់ខ្ពស់កូតា សម រង្ស៊ី ហើយជានិច្ចកាលលោក យឹម សុវណ្ណ ប្រឆាំងនឹងការដឹកនាំរបស់លោក កឹម សុខា ជាប់រហូតមក ជាពិសេសការប្រឆាំងដាច់អហង្ការកន្លង មករបស់លោក កឹម សុខា ដែលមិនព្រមជួលដីរបស់លោក យឹម សុវណ្ណ ក្នុងការបង្កើតស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ៕

អត្ថបទ៖ សេនាជំនិត