(សៀមរាប)៖ ចម្លាក់ថ្មបុរាណ២ដុំ ដែលមានរូបរាងជាកូនប្រាសាទចម្លងធ្វើពីថ្មភក់នោះ ត្រូវបានរដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី រកឃើញនៅក្នុងរថយន្តរបស់ឈ្មួញឈើមួយក្រុម ដែលសមត្ថកិច្ចឃាត់បាននៅចំណុចភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅយប់ម្សិលមិញ។ តាមការសន្និដ្ឋានបឋមនៃបុរាណវិទូអាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា ចម្លាក់នេះ អាចស្ថិតនៅក្នុងសតវត្សទី១០​ តែអ្នកជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណបានថា ចម្លាក់នេះត្រូវជនល្មើសនាំចេញពីតំបន់ណានៅឡើយ។​

ប្រតិបត្តិការនេះបង្រ្កាបឈើ តែប្រទះឃើញចម្លាក់បុរាណនេះ ដឹកនាំដោយលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកបន្ទាយស្រី ក្នុងនោះសមត្ថកិច្ចឃាត់បានទៅលើរថយន្តម៉ាកកាមេរី ស៊េរីឆ្នាំ១៩៩៣មួយគ្រឿង ពណ៌ស្លែ ស្លាកលេខភ្នំពេញ 2A-8316។ ដែលឡែកថ្មចម្លាក់ប្រាសាទចម្លងទាំង២ដុំ មានរាងសាជី មានទំហំ៣៨x៣៨x៩០សម និង៤៥x៤៥x៩០សម ។ តាមមន្រ្តីរដ្ឋបាលព្រៃឈើបញ្ជាក់ថា​ ប្រតិបត្តិការ​នេះមិនទាន់ចាប់បានជនល្មើសនៅឡើយទេ​ ដោយជនល្មើសបានបោះបង់ឡានចោលហើយរត់គេចខ្លួនបាត់។​

បន្ទាប់ពីទទួលបានការជូនដំណឹងពីរដ្ឋបាលព្រៃឈើ ប្រចាំស្រុកបន្ទាយស្រី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនគរបាលការពារបេតិកភណ្ឌ បានចុះទៅពិនិត្យដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដោយធ្វើកំណត់ហេតុច្បាស់លាស់ និងបញ្ជូនវត្ថុតាងទាំងអស់ រួមទាំងចម្លាក់ថ្មបុរាណ២ដុំ ទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីធ្វើជាវត្ថុតាងបន្តនីតិវិធីផ្លូវច្បាប់។

ចម្លាក់ថ្មបុរាណទាំង២ដុំនេះ នឹងត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុកក្រោយ បន្ទាប់ពី នីតិវិធីច្បាប់ ត្រូវបានបញ្ចប់៕