(សេអ៊ូល)៖ កាកបាទក្រហមអន្តរជាតិ បានដាក់សំណើរត្រូវការថវិកាសង្រ្គោះបន្ទាន់ចំនួន ១៥.៥លានដុល្លារ ដែលចាំបាច់ក្នុងការផ្តល់ជំនួយឲ្យកូរ៉េខាងជើង ដែលកំពុងរងការបំផ្លិចបំផ្លាញ ដោយគ្រោះមហន្តរាយទឹកជំនន់ ហើយក៏បានធ្វើការព្រមានផងដែរថា ប្រទេសមួយនេះនឹងរងគ្រោះភ័យ មួយផ្សេងទៀត ប្រសិនបើគ្មានការផ្តល់ជំនួយជាបន្ទាន់ទេនោះ។ នេះបើតាមការផ្សាយ​ដោយសារព័ត៌មាន Channel News Aia នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។  

យោងតាម អង្គការសហប្រជាជាតិ និងសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ហៅកាត់ថា IFRC បានឲ្យដឹងទៀតថា ប្រជាជនកូរ៉េខាងជើងប្រមាណ៧,០០០នាក់ កំពុងគ្មានទីជ្រកកោន បន្ទាប់ពីលំនៅឋានរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ។

លោក Chris Staine ប្រធានគណៈប្រតិភូ IFRC ប្រចាំក្រុងព្យុងយ៉ាង បាននិយាយថា «ប្រជាជន កូរ៉េខាងជើង ងាយនឹងទទួលរងគ្រោះ តាំងតែពេលមិនទាន់ជួបគ្រោះមហន្តរាយនេះមកម៉្លេះប៉ុន្តែ ឥឡូវនេះពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលស្ទើរតែនឹងមិនអាចជួយសង្រ្គោះបាន។ មួយវិញទៀត រដូវរងារកំពុងខិតជិតចូលមកដល់ ហើយនៅពេលរាប់បញ្ចូលបន្ថែមនូវ ផលប៉ះពាល់ដោយ​ទឹកជំនន់ និងហានីយភ័យដែលប្រជាជនកំពុងតែប្រឈមនៅពេលបច្ចុប្បន្ន យើងអាចមើលឃើញយ៉ាងច្បាស់នូវ គ្រោះមហន្តរាយមួយផ្សេងទៀត ដែលនឹងកើតមានឡើងនៅក្នុងរយៈ​ពេលប៉ុន្មានខែ​ខាងមុខ»។

ខណៈសីតុណ្ហភាពនឹងចុះដល់កម្រិត -៣០អង្សារសេ ថវិកាចំនួន១៥.៥លានដុល្លារ នឹងត្រូវបានយកមក ប្រើសម្រាប់ផ្តល់ជំនួយជាសម្ភារៈសំខាន់ៗ រួមមាន តង់ ថ្នាំពេទ្យ និងធ្យូង ទៅឲ្យប្រជាជន​កូរ៉េខាងជើង ប្រមាណ ៧,០០០គ្រួសារ។ គួរបញ្ជាក់ដែរថា មនុស្សយ៉ាងហោចចំនួន១៣៨នាក់បានស្លាប់បាត់បង់ជីវិត និងជិត៤០០នាក់បន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ជន់ជោរ ដែលបានបង្កឡើងដោយ ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា បានវាយប្រហារនៅតាមតំបន់ភាគឦសាន នៃប្រទេសកូរ៉េខាងជើង៕