(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានថ្លែងកោតសរសើរនូវការយកចិត្ត ទុកដាក់របស់អាជ្ញាធរកម្ពុជា ក្នុងការគាំទ្រនយោបាយចិនតែមួយ និង កិច្ចសហការរបស់​ប្រទេសនេះ ក្នុងការបង្ក្រាបបទល្មើសផ្នែកប្រព័ន្ធទូរគមនាគមន៍។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ការថ្លែងស្វាគមន៍ដោយប្រទេសចិននេះ បានធ្វើឡើងបន្ទាប់ពីជនជាតិចិន និងចិន-តៃវ៉ាន់សរុប ៦៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រឡប់មកទទួលទោស នៅប្រទេសចិនវិញ ក្រោយពីពួកគេត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសកម្ពុជា ពីបទប្រព្រឹត្តការលួចលាក់គំរាមទារប្រាក់តាមប្រព័ន្ធទូរស័ព្ទ។ ក្នុងចំណោម ជនល្មើសទាំង ៦៣នាក់នោះ គឺ ៥០ជាជនជាតិចិនដីគោក និង ១៣នាក់ជាចិនតៃវ៉ាន់។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍នេះ ប្រទេសចិនបាន សហការជាមួយនឹងអាជ្ញាធរ កេនយ៉ា, ម៉ាឡេស៊ី, កម្ពុជា, ឡាវ និង ឥណ្ឌូណេស៊ី ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន និង បានបំផ្លាញខ្សែបណ្តាញ របស់ក្រុមជនល្មើសចំនួន ៦៥ទីតាំង ព្រមទាំងបានចាប់ខ្លួនជនសង្ស័យ ១,១៦៨នាក់ ក្នុងនោះ ៣៤៧នាក់ មកពីកោះតៃវ៉ាន់៕