(បន្ទាយមានជ័យ)៖​ យោងតាម​មន្ត្រីអ​គ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ​២០១៦ នៅចំណុចស្រុកកាប៊ីនបូរី ខេត្តប្រាជីនបូរី ប្រទេសថៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ផ្ទុះកង់រថយន្ដ) បណ្តាលឲ្យពលរដ្ឋខ្មែរ​៦នាក់ស្លាប់ និងរបួស អ្នកទាំងនោះបានធ្វើដំណើរតាមរថយន្តឈ្នួល ដើម្បីទិញឥវ៉ាន់ នៅទីក្រុងបាងកក។

មន្ដ្រីដដែល បានបញ្ជាក់ថា ​ជនរងគ្រោះដែល​ស្លាប់ ទី១-ឈ្មោះ ម៉ៅ ម៉ូលីកា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្នា សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាម ទី២-ឈ្មោះ ដុក លីដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រីឯអ្នករបួសមាន៣នាក់ ទី១-ឈ្មោះ កេត គន្ធា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ របួសបាក់ចង្កេះ ទី២-ឈ្មោះ សុង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប របួសភ្នែកឆ្វេង ទី៣-ឈ្មោះ ជា ស៊ុយលី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប របួសជើង និងទី៤-ឈ្មោះ រឹទ្ធ សុលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិមណ្ឌល ឃុំស្វាយដង្គុម ក្រុង ខេត្តសៀមរាប របួសក្បាល។

​ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចំណែកអ្នកស្លាប់ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ រៀបចំបែបបទបញ្ជូន មកប្រទេសកម្ពុជា វិញជាបន្តបន្ទាប់៕