(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ជូនដល់មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋាននានាសរុបចំនួន១០០នាក់ ដើម្បីផ្សព្វផ្សាយនិងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ យល់ដឹងពីសកម្មភាពរបស់នាយកដ្ឋាននីមួយៗឈ្វេងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ។

សិក្ខាសាលាផ្ទៃក្នុងស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់យ៉ាងខ្លំាងចំពោះការងារគ្រប់គ្រងបរិស្ថាននៅក្នុងតំបន់អង្គរ ជាពិសេសអនុវត្តនូវគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ រួមមាន៖ កិច្ចការថែរក្សាទេសភាព វប្បធម៌ បរិស្ថាន និងផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ការអនុវត្តច្បាប់ និងជំរុញការកែលម្អ ដោយផ្អែកតាមគោលនយោបាយនានាជាដើម។ ឯកឧត្តម បានជំរុញណែនាំដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់សិក្សា ស្តាប់ការធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលានេះ ដើម្បីទទួលបានបទពិសោធន៍ល្អៗយកទៅអនុវត្តន៍ ក្នុងការងារប្រចាំថ្ងៃ។

សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា តែងតែបានរៀបចំសិក្ខាសាលាស្តីពី៖ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ ដើម្បីឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបបានចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕