(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុង Hekinan ខេត្ត Aichi ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនានៅរោងចក្រផលិតអគ្គិសនី Hekinan របស់ក្រុមហ៊ុន ថាមពលសម្រាប់យុគសម័យថ្មីរបស់ជប៉ុន (JERA)។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានទស្សនាស្វែងយល់អំពីដំណើរការរបស់រោងចក្រ ដែលផ្តល់នូវការផ្គត់ផ្គង់អគ្គិសនីប្រកបដោយលំនឹងដល់តំបន់ Chubu និងតំបន់ជិតខាង។ ទីតាំងនេះ ក៏ចង់បង្ហាញពីគម្រោង ដែលសំដៅសំរេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ តាមរយៈការប្រើប្រាស់អាម៉ូនីញាក់។ អាស៊ានប្តេជ្ញាសហការជាមួយប្រទេសជប៉ុន ឈានទៅរកអព្យាក្រឹតកាបោន នៅក្នុងតំបន់តាមរយៈការធ្វើពិពិធកម្មធនធានថាមពល រួមទាំងការប្រើប្រាស់អាម៉ូនីញាក់ និងអូដ្រូសែន។

នៅរសៀលថ្ងៃពុធ ដដែល បណ្ឌិត កៅ គឹមហួន បានអញ្ជើញទៅទស្សនារោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុន DENSO ដែលទទួលបានបទពិសោធន៍ផ្ទាល់ពីវឌ្ឍនភាពចុងក្រោយបង្អស់នៃបច្ចេកវិទ្យាយានយន្តអគ្គិសនី ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងការអនុវត្តផលិតកម្មប្រកបដោយចីរភាព។

ទស្សនកិច្ចនេះ ក៏មានការពិភាក្សាអំពីកិច្ចសហការ និងភាពជាដៃគូដែលអាចធ្វើទៅបាន សំដៅដោះស្រាយការប្រឈមដែលកំពុងវិវត្តន៍ផ្សេងៗ នៃឧស្សាហកម្មរថយន្ត ជាពិសេស ក្នុងវិស័យដែលមាននិរន្តរភាពផ្នែកបរិស្ថាន និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា៕