(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានស្តង់ដារ នយោបាយតែមួយនោះទេ មានតែ២ ឬ៣ស្ដង់ដារយ៉ាងតិច។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បិទសន្និសីទ លើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «លើពិភពលោកគ្មានទេ ស្ដង់ដារតែមួយនោះ មានតែ២ ឬ៣ស្ដង់ដារ លើការជាក់ស្ដែង ក្នុងតំបន់របស់យើង អ្នកណាប្រឆាំងចិន ហ្នឹងគឺជាមិត្ដអ្នកដទៃ ឲ្យតែមាននិន្នាការ មិនស្របជាមួយចិន ដឹងតែអ្នកហ្នឹង គេរករឿងរហូត»

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកណារកស៊ីច្រើន ជាមួយចិន និងជិតស្និទ្ធជាមួយចិន គឺតែងតែខុស ប៉ុន្ដែប្រទេសរបស់គេ ក៏កំពុងរកស៊ីជាមួយចិនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «ប្រទេសខ្លះទៀត គេគិតណាស់ អំពីប្រជាធិបតេយ្យសេរីពហុបក្ស ក៏ប៉ុន្តែទៅទាក់ទងជាមួយប្រទេស ដែលមានបក្សតែមួយ ហើយធ្វើជាដៃគូយុទ្ធសាស្ត្រថែមទៀត»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅកាន់ អ្នកសិក្សាស្រាវជ្រាវគិតមើលថា តើនេះ ជាស្ដង់ដារមួយ ឬស្ដង់ដារច្រើន គឺមិនតិចជាង៣ស្ដង់ដារនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពិភពលោកនេះ ប្រទេសធំ តែងតែធ្វើបាបប្រទេសតូច។ ទម្លាប់នេះ ក៏ធ្វើឲ្យតាមប្រទេសនីមួយៗបក្សធំ តែងធ្វើបាបបក្សតូច៕