(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា វត្តមានមេបញ្ជាការ នៃកងទ័ពរំដោះប្រជាជនចិន ព្រមទាំង នាវា Qi Jiguang និង នាវា Jing Gangshan ដែលត្រូវបានបញ្ជូនមកចូលរួម ធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិន លើការធ្វើទំនើបកម្មវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។

គួររម្លឹកថា កាលពីដើមខែឧសភា នាវា Qi Jiguang និង នាវា Jing Gangshan បានមកចូលចត នៅខេត្តព្រះសីហនុ ដោយគ្រោងនឹងបន្តទស្សនកិច្ច នៅកម្ពុជា រហូតដល់ពាក់កណ្តាលខែមិថុនា។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២១ ខែឧសភា ឯកឧត្តម នាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានប្រាប់ថា ថ្នាក់ដឹកនាំចិន និងនាយទាហានចិន រួមនឹង
នាវាទាំងពីរគ្រឿង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ បង្ហាញពីវប្បធម៌ដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម បានលើកឡើងថា ឯកឧត្តមទន្ទឹងរង់ចាំពេលវេលានេះ ជាយូរមកហើយ ជាការប្រាស្រ័យ និងផ្លាស់ប្តូរផ្នត់គំនិតរួមគ្នា ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មវិស័យការពារជាតិ។ ការណ៍នេះបានបង្ហាញ ពីការយកចិត្តទុកដាក់ពី រដ្ឋាភិបាលចិន ក្នុងការផ្តល់ជំនាញវិស័យការពារជាតិមកដល់កម្ពុជា បំពេញនូវឆន្ទៈ និង ផ្លែផ្កា មកដល់កម្ពុជា ខណៈដែលចិន គឺជាប្រទេសមានភាពទំនើបខ្លាំង លើវិស័យយោធា។

ឯកឧត្តម ទៀ សីហា បានប្រាប់ថា ឯកឧត្តមតាមដាន ជាប់ជាប្រចាំ នូវការធ្វើសមយុទ្ធនាគមាស លើកទី៦ នៅឆ្នាំ២០២៤នេះ។ ឯកឧត្តមបានសង្កេតឃើញ សម្ភារយោធាទំនើបៗ និងវត្តមាននាយទាហាន ទាហានចិន ទាំងជើងទឹក និងជើងគោក បានមកចូលរួមផ្តល់នូវពហុជំនាញ ហើយអាចជួយដល់កងទ័ពកម្ពុជា ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជាពិសេស ឃើញមាន Drone ឬ យន្តហោះគ្មានមនុស្សបើក និង ឆ្កែយន្តបំពាក់សព្វាវុធ ជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា រាល់ជំនួយរបស់ចិន ក្នុងវិស័យកងទ័ពកម្ពុជា គ្មានបំណងវាយប្រហារប្រទេសផ្សេងនោះទេ ព្រោះកម្ពុជាស្រលាញ់ សន្តិភាព ដែលជាឆន្ទៈស្នូលរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមបានបន្តថា កម្ពុជានិងចិនមានសមយុទ្ធរួមគ្នាច្រើនលើកមក ស្របតាមកិច្ចព្រមព្រៀង ក្នុងនោះ មានដូចជា «នាគមាស» ដែលជាសមយុទ្ធប្រពៃណី រវាងកងទ័ពប្រទេសទំាំងពីរ, មានសមយុទ្ធ «ទេវត្តាសន្តិភាព» និង សមយុទ្ធ «សន្តិភាព និងមិត្តភាព» ព្រមទាំង សមយុទ្ធផ្សេងៗទៀត ដែលទាំងនេះបង្ហាញពី ទំនាក់ទំនងដ៏ល្អក្នុងវិស័យកងទ័ព ជាពិសេស ការផ្ទេរជំនាញពីចិន មកកម្ពុជា បង្កើនសមត្ថភាព ស្របតាមឆន្ទៈរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឲ្យកងទ័ពកម្ពុជា មានជំនាញច្បាស់លាស់។

ឯកឧត្តមបានបន្តថា ចិនបានផ្តល់ជំនួយច្រើនដល់វិស័យកងទ័ព ស្របតាមការចង់បានរបស់កម្ពុជា ហើយពេលនេះ គឺជាដំណាក់កាល ដែលត្រូវរៀនជំនាញទំនើបកម្មយោធា ក្នុងសម័យថ្មីនេះ តាមរយៈសមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាដើម។

គួរបបញ្ជាក់ថា កម្ពុជានិងចិនបាននិងកំពុងធ្វើសមយុទ្ធនាគមាស លើកទី៦ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សមយុទ្ធនេះ ត្រូវបានបែងចែកជាពីរធំៗ គឺនៅលើគោក និង នៅលើទឹក៕

វិទ្យុមិត្តភាពកម្ពុជាចិន