(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានទម្លាយរឿងមួយពីភាពជាប់គាំង ក្នុងការចរចាស្វែងរកសន្ដិភាពទីក្រុងប៉ារីស ឬហៅថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយសារការរក្សាជំហរក្នុងការប្រើប្រាស់ពាក្យ «កាត់ទោសខ្មែរក្រហម» គឺ «ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍»

ក្នុងឱកាសអញ្ជើញសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់ក្នុងដំណើរការចរចាស្វែងរកសន្ដិភាព បានឲ្យដឹងថា ការជាប់គាំងនៅពេលនេះដោយសារភាគីដទៃទៀត ជំទាស់ក្នុងការប្រើប្រាស់ពាក្យរបស់ភាគីរដ្ឋកម្ពុជា ហើយមិនឲ្យសូម្បីហៅខ្មែរក្រហម។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយនេះ ត្រូវបានរាំងស្ទះចំណុចទាក់ទងជាមួយបញ្ហាដែលភាគីប្រឆាំងខ្មែរក្រហម បានរក្សាគោលជំហរតាំងពីដើមរហូតដល់ចប់ ដើម្បីកាត់ទោសខ្មែរក្រហមមិនមែនទើបនឹកឃើញទេ។ អ៊ីចឹងយើងបានស្នើសុំដាក់ទៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស នូវការទប់ស្កាត់ ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍»

បិតាស្ថាបនិកនយោបាយឈ្នះឈ្នះរូបនេះ ប​ានពន្យល់ថា សូម្បីនៅក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ក៏ភាគីផ្សេងគេរារាំងមិនឲ្យហៅរបបខ្មែរក្រហម ជារបបប្រល័យពូជសាសន៍ ហើយអ្វីដែលអយុត្តិធម៌បំផុតនោះ គឺប្រទេសដែលទទួលស្គាល់របបខ្មែរក្រហមនោះ បានបន្ដផ្ដល់ការគាំទ្រផ្នែកនយោបាយ និងយោធាដល់ខ្មែរក្រហម ហើយមិនត្រឹមតែមិនដែលទទួលស្គាល់កំហុសរបស់ខ្លួនមកលើប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន បន្ដទៀតថា បញ្ហាទាក់ទិនជាមួយរឿងខ្មែរក្រហមនេះ នៅពេលសន្និសីទអន្ដរជាតិទីក្រុងប៉ារីស ដែលចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៨៩ សុន្ទរកថារបស់សម្ដេចបានចង្អុលបង្ហាញថា កន្លែងដែលសាកសមបំផុតរបស់ខ្មែរក្រហម គឺកាត់ទោសនៅតុលាការឧក្រិដ្ឋជនកម្មអន្ដរជាតិ មិនមែនស្ថិតនៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ទេ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ពេលនោះភាគីរបស់រដ្ឋកម្ពុជា ដែលតំណាងដោយសម្ដេចទាមទារឲ្យដាក់ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ប៉ុន្ដែបានជាប់គាំងនៅទីកន្លែងនេះ ដោយភាគីដទៃមិនឲ្យនិយាយដល់របបប្រល័យពូជសាសន៍ថែមទៀត។ ក្រោយការជាប់គាំង មានការរត់ទៅពឹងពាក់ជប៉ុន ហើយភាគីជប៉ុនបានអញ្ជើញទៅសម្ដេចក្រោមហេតុផលពិនិត្យជំងឺ ប៉ុន្ដែការពិតគឺការចរចាមួយ ដើម្បីស្វះស្វែងរកនូវចំណុចទាក់ទិនជាមួយបញ្ហាជាប់គាំងនៃភាសា។

ក្រោយមកកិច្ចចរចាបានធ្វើឡើងនៅសណ្ឋាគារមួយកន្លែង ចាប់ពីម៉ោង៧យប់ រហូតដល់ម៉ោង២កន្លះទាបភ្លឺ ដោយមន្ដ្រីជាន់ខ្ពស់ជប៉ុន បានឯកភាពរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន លើការប្រើប្រាស់ពាក្យនេះ។ ជប៉ុនយល់ស្របនូវអ្វីដែលសម្ដេចតេជោចង់បាន ប៉ុន្ដែបើក្នុងកិច្ចព្រមព្រៀងត្រូវបានដាក់បញ្ចូលនូវឃ្លា «ទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍» អាចខ្មែរក្រហម ឬប្រទេសមួយចំនួនមិនព្រម ដូច្នេះបានសម្រេចកែសម្រួលមកត្រឹមពាក្យថា «ទប់ស្កាត់ការវិលត្រឡប់អំពើពីអតីតកាលថ្មី»

សូមរំលឹកថា ការបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកិច្ចព្រមព្រៀងមួយបិទបញ្ចប់ទំព័រដ៏ខ្មៅងងឹតលើដែនដីកម្ពុជាដ៏កម្សត់ នាំមកនូវទំព័រសករាជថ្មី គឺសុខសន្តិភាព និងការឈានទៅបញ្ចប់សង្រ្គាម បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ ដែលកើតមានជិត៣ទសវត្សរ៍នោះ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗបីយ៉ាងរួមមាន៖ ទី១៖ រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤, ទី២៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និងទី៣៖ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា៕