(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីកិច្ចដំណើរការ នៃការដាក់បញ្ចូលជាវិក្កយបត្ររួមសម្រាប់ទូទាត់លើការផ្គត់ផ្គង់ទឹកស្អាត និងសេវាកម្រៃទឹកកខ្វក់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង លោកអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការប្រព័ន្ធចម្រោះទឹកកខ្វក់ លោកអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ អង្គភាពរដ្ឋាករទឹកស្វយ័តតាមខេត្តគោលដៅ រួមមាន ខេត្តសៀមរាប កំពង់ធំ បាត់ដំបង កំពត ពោធិ៍សាត់ និងខេត្តកំពង់ចាម ផងដែរ។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីប្រកាសអំពីសុពលភាពការងារ ការធ្វើបទបង្ហាញអំពីសាវតា វឌ្ឍនភាព និងកិច្ចពិភាក្សាការងារបច្ចេកទេសផ្សេងៗទៀតនៅក្នុងនីតិវិធីនៃការដាក់បញ្ចូលជាវិក្កយបត្ររួមសម្រាប់ទូទាត់លើការផ្គត់ផ្គង់ទឹកស្អាត និងសេវាកម្រៃទឹកកខ្វក់ តាមខេត្តគោលដៅ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ បាត់ដំបង កំពត ពោធិ៍សាត់ និងខេត្តកំពង់ចាម។

ជាលទ្ធផលអង្គប្រជុំ បានសម្រេចដាក់ចេញនូវផែនការសកម្មភាពដើម្បីអនុវត្តកិច្ចការងារបន្ត រយៈពេល ២ខែទៅមុខ ដោយអនុវត្តនូវដំណើរការ ការប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់ រវាងការតភ្ជាប់បណ្ដាញទឹកស្អាត និងទឹកកខ្វក់ នៅក្នុងខេត្តគោលដៅទាំង៦ ដើម្បីចាប់ផ្ដើមអនុវត្តនីតិវិធីដាក់បញ្ចូលជាវិក្កយបត្ររួមសម្រាប់ទូទាត់លើការផ្គត់ផ្គង់ទឹកស្អាត និងសេវាកម្រៃទឹកកខ្វក់៕