(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមេដឹកនាំមួយរូប ដែលបានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត បានលើកឡើងថា ជាតថភាពប្រវត្តិសាសន៍ កម្ពុជាពិតជាមាននូវរបបប្រល័យពូជសាសន៍ យ៉ាងពិតប្រាកដ ហើយជនណា ឬអ្នកនយោបាយណា គួរតែត្រូវបានដាក់ទោសដោយច្បាប់។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា ល្មមដល់ពេល ដែលត្រូវដាក់ច្បាប់ ព្រោះបើមិនអញ្ចឹងទេ ពួកអ្នកនយោបាយ នៅតែលេងល្បែងដដែលៗ ដែលធ្វើឱ្យភាពច្របូកច្របល់កើនឡើង នៅក្នុងសង្គមរបស់យើង»

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានត្រូវបានថ្លែង នៅក្នុងពិធីបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ សន្និសីទនេះ ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បន្ទាប់ពីពួកខ្មែរក្រហមបានវាយផ្តួលរំលំរបបលន់នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របបដែលគេហៅថា វាលពិឃាតនេះ បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជិត៣លាននាក់។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរដែលនៅសេសសល់ ត្រូវបានរំដោះឱ្យរួចផុតពីការស្លាប់។ ក្រោយមកមេដឹកនាំកំពូលខ្មែរក្រហម ក៏ត្រូវបានយកមកកាត់ទោស ដោយសាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់កម្ពុជា និងអង្គការសហប្រជាជាតិ។

ទោះជាយ៉ាងនេះក្តី កន្លងទៅ មានបុគ្គលមួយចំនួន ក្នុងនោះក៏មានក្រុមប្រឆាំងផងដែរ បានឃោសនាអកុសលមកលើថ្ងៃរំដោះ៧មករា ដែលជាថ្ងៃសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរនោះថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជាទៅវិញ។

សម្តេចបានថ្លែងថា «បើអង្គការសហប្រជាជាតិ ដែលមានតំណាងនៅថ្ងៃនេះ សាលក្រមតុលាការមានពិត បានសេចក្តីថា វាទាល់តែមានរបបប្រល័យពូជសាសន៍កើត បានយើងកាត់ទោសវា ហើយបើកាត់ទោសវារួចហើយ មនុស្សនៅតែនិយាយថា វាគ្មានខ្មែរក្រហមឯណាទេ ហើយក៏វាគ្មាននរណាជួយសង្គ្រោះទេ គេរស់ដោយខ្លួនឯង អញ្ចឹងរឿងហ្នឹង នៅតែជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ»

សម្តេចបានបញ្ជាក់បន្ថែមថា ការរៀបចំច្បាប់នេះ មិនមែនជាការហាមឃាត់ការបញ្ចេញមតិនោះទេ ការបញ្ចេញមតិណាក៏ដោយ ដែលមានចរិតគាំពាររបបប្រល័យពូជសាសន៍ គួរតែត្រូវមានទោស។ សម្តេចបន្តថា សម្តេចបានរង់ចាំរយៈពេល៤៣ឆ្នាំ ពោលគឺឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០២២ ទើបយុត្តិធម៌មួយ ត្រូវបានផ្តល់ឱ្យ៕