(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើអង្គសន្និសីទ និងមិត្តបរទេស ដែលបានចូលរួមសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ឱ្យរៀនសូត្រពីការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍នៅកម្ពុជា ជាពិសេសរៀនសូត្រពីកំហុសចំនួនពីរ ដែលប្រទេសមួយបានធ្វើចំពោះកម្ពុជា ដោយគាំទ្រមេដឹកនាំរបបប្រល័យពូជសាសន៍។

ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឱ្យអង្គសន្និសីទឱ្យរៀនសូត្រពីកំហុសប្រវត្តិសាស្រ្តពីរលើក ដែលប្រទេសមួយចំនួនធ្វើចំពោះកម្ពុជា ដើម្បីជៀសវាងការប្រព្រឹត្តកំហុសលើកទី៣ម្តងទៀត។ កំហុសទី១. នៅដែលបរទេសខ្លះប្រកាសថា ខ្លួនជាជើងឯកខាងប្រជាធិបតេយ្យ បានគាំទ្ររដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ចេញពីអំណាច ហើយដែលប្រការនេះបានក្លាយទៅជាឈ្នាន់នៃភ្លើងសង្រ្គាមនៃកម្ពុជា រហូតទៅដល់ការដណ្តើមបាន និងឡើងកាន់អំណាចនៃរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានបង្កវិនាសកម្ម ដ៏អណោចអធមបំផុតចំពោះប្រជាជនកម្ពុជា។ កំហុសទី២ នៅពេលដែលប្រទេសមួយចំនួននៅតែបន្តគាំទ្ររបបខ្មែរក្រហម ហើយផ្តល់សិទ្ធិឱ្យពួកគេតំណាងនៅអង្គការសហប្រជាជាតិ ទន្ទឹមនឹងការដាក់ទណ្ឌកម្មកាទូត និងការហ៊ុំព័ទ្ធសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ ប្រឆាំងប្រជាជន រាប់លាននាក់ ដែលបានរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ និងប្រឆាំងនឹងរដ្ឋាភិបាលដែលបានរំដោះប្រជាជន ពីរណ្តៅមរណៈ។

សម្តេចមានប្រសាសន៍ទៀតថា ទៅមុខទៀត យើងពិតជាត្រូវប្រកាន់ភ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ដោយមិនអនុញ្ញាតឱ្យមានសមាភាពណាមួយក្នុងសង្គម បណ្តុះពន្លក នៃវប្បធម៌ជ្រុលនិយមម្តងទៀតបានឡើយ តាមរយៈការព្រួសមនោគមន៍វិជ្ជា និងការជំរុញចលនាតស៊ូ ការស្អប់ខ្ពើម ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ការប៉ុនប៉ងផ្លាស់ប្តូរ ដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។

លើសពីសហគន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដាក់របាំងនៃការប្រឆាំងណាមួយដែលអាចបង្កឱ្យមានការកើតឡើងនៃសង្រ្គាមត្រជាក់សារថ្មី ហើយចុងក្រោយរុញច្រានឱ្យមានជម្លោះឬសង្រ្គាមក្តៅជារូបវ័ន្តផ្អែ កលើការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែលជាយថាហេតុបង្កនូវការបាត់បង់ទ្រព្យសម្បត្តិ និងកាលានុវត្តភាព នៃការអភិវឌ្ឍន៍ ជាពិសេសការបាត់បង់អាយុជីវិតរបស់ប្រជាជនដូចអ្វីដែលកំពុងកើតឡើងនៅតំបន់មួយចំនួន នៃពិភពលោក។

ជាមួយគ្នានេះ សម្តេចតេជោបានបញ្ជាក់ផងដែរថា រាល់ពេលដែលសម្តេចបានជួបជាមួយនឹងអ្នកកាទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ សូមអ្នកកុំធ្វើកសាងនូវទី៣ ព្រោះតែពួកគេធ្លាប់កសាងនូវកំហុស២លើករួចមកហើយ នោះគឺការគាំទ្រ លន់ នុលធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ និង ការទទួលស្គាល់ឱ្យខ្មែរក្រហមអាចអង្គុយកៅអីនៅអង្គការសហប្រជាជាតិរយៈពេល១២ ឆ្នាំ ហើយបានដាក់ទណ្ឌកម្មនាក់ដែលបានប្រឹងប្រែងងើបឡើង ដើម្បីប្រឆាំងពលប៉ុលពត៕