(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជា ពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលសហគមន៍អន្តរជាតិផ្តល់អាសនៈនៅអង្គការសហប្រជាជាតិ ឱ្យខ្មែរក្រហមជាអ្នកកាន់កាប់ ហើយបែរជាមកដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ច ចំពោះប្រជាជនខ្មែរ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម អស់រយៈពេល ១២ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ សន្និ សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើ ប្រល័យពូជសាសន៍»

សម្តេចតេជោ បានថ្លែងទៀតថា យុត្តិធម៌ គឺជាធាតុផ្សំដ៏សំខាន់នៃការផ្សះផ្សារជាតិ ក្រោយពេលរំដោះ។ តុលាការនៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសមេដឹកនាំរបបនេះរួច កាលពីឆ្នាំ១៩៧៩ ប៉ុន្តែពេលនោះសហគមន៍អន្តរជាតិ មិនបានទទួលស្គាល់រដ្ឋាភិបាល ដែលរំដោះប្រជាជនកម្ពុជានោះទេ ហើយក៏មិនបានទទួលស្គាល់យុត្តិធម៌ ដែលតុលាការយើងបានរកឃើញនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេបានថ្កោលទោសយើង ដែលបានផ្តួលរលំរបបខ្មែរក្រហម ថែមទាំងបានចោទយើងថា យើងបានប្រតិដ្ឋភស្តុតាង ទាក់ទងនឹងអំពើប្រល័យពូជសាសន៍»

សម្តេចបានបន្តថា «ប្រជាជនកម្ពុជា ពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលសហគមន៍អន្តរជាតិ ផ្តល់អាសនៈនៅអង្គការសហប្រជាជាតិ ឱ្យខ្មែរក្រហមជាអ្នកកាន់កាប់ ហើយបែរជាមកដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ច ចំពោះប្រជាជនខ្មែរ ដែលរស់រានមានជីវិតពីរបបខ្មែរក្រហម អស់រយៈពេល ១២ឆ្នាំ។ សហគមន៍អន្តរជាតិ​ (ប្រទេសមួយចំនួន) ថែមទាំងបានជួយរៀបចំរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ នៅឆ្នាំ១៩៨២ ដោយផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ឱ្យរបបខ្មែរក្រហមថែមទាំងផង»

បើតាមប្រសាសន៍សម្តេចតេជោ នេះជាការដាក់ទោសផ្ទួនៗ​លើជនរងគ្រោះ និងការបិទភ្នែកកព្រងើយកន្តើយ របស់ប្រទេសមួយចំនួន ចំពោះអំពើប្រល័យពូជសាសន៍។ ក្នុងដំណើរការចរចាស្វែងរកដំណោះស្រាយនយោបាយសម្រាប់កម្ពុជា សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា កន្លែងដែលសាកសមបំផុតសម្រាប់ខ្មែរក្រហម គឺនៅក្នុងតុលាការយុត្តិធម៌ មិនមែននៅក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) នោះទេ។

«សូម្បីតែនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ក៏យើងត្រូវបានគេរេរាំងមិនឱ្យហៅរបបខ្មែរក្រហមថា របបប្រល័យពូជសាសន៍ អ្វីដែលអយុត្តិធម៌បំផុតនោះ គឺប្រទេសដែលទទួលស្គាល់ខ្មែរក្រហមនោះ បានបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងយោធា ដល់ខ្មែរក្រហម ហើយមិនត្រឹមតែមិនដែលទទួលស្គាល់កំហុសរបស់ខ្លួន មកលើប្រជាជនកម្ពុជានោះទេ ពួកគេបែរជាមកបង្ខំ ឱ្យរដ្ឋាភិបាលកាត់ទោសខ្មែរក្រហម នៅក្រោយពេលបោះឆ្នោត និងក្រោយពេលដែលខ្មែរក្រហម រលាយអង្គការចាត់តាំងនយោបាយ និងយោធាទៅវិញ»។ សម្តេចតេជោ បានបញ្ជាក់បន្ថែម៕