(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ពេលនេះការលះបង់អំណាចរបស់សម្ដេច បានហុចផលយ៉ាងល្អប្រសើរ ចំពោះការផ្ទេរអំណាចនេះទៀតសោត ក៏មិនបាននាំមកនូវភាពភ័យខ្លាច ដល់ប្រជាជនកម្ពុជានោះឡើយ មិនតែប៉ុណ្ណោះបានជំរុញឲ្យ កំណើនសេដ្ឋកិច្ចនៅតែបន្ដកើនឡើង ជាមួយអត្រាអតិផលរណាដែលអាចគ្រប់គ្រងបាន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញ​​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ​សន្និ​សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន​អំពើ​ប្រល័យពូជសាសន៍» នៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងត្រូវគិតគូរឲ្យបានម៉តចត់ថា ការបោះបង់ចោលអំណាចដែលខ្លួន ធ្លាប់កាន់ក្នុងរយៈពេល៣៨ឆ្នាំ ឬ៤៥ឆ្នាំក្នុងដៃ ដើម្បីដូរយកនូវសន្ដិភាព និងស្ថេរភាពរយៈពេលវែងត្រូវហ៊ានធ្វើ ព្រោះថាខ្ញុំធ្លាប់លះបង់គ្រប់ហើយ ជីវិតរបស់ខ្ញុំបានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីប្ដូរយកការរស់រានមានជីវិតរបស់ប្រជាជន លះបង់ដើម្បីប្ដូរយកនូវសន្ដិភាព ដើម្បីប្រជាជន»

សម្ដេចតេជោបានបញ្ជាក់ថា «ដូច្នេះខ្ញុំមិនខ្លាចក្នុងការលះបង់មួយនៃអំណាចរបស់ខ្ញុំ ដើម្បីប្ដូរយកសន្ដិភាព ក្នុងរយៈពេលវែង ឥឡូវលទ្ធផលបានចេញមកហើយ ការផ្ទេរអំណាចនេះ សម្រាប់អ្នកជំនាន់ក្រោយ មិនបាននាំមកការភ័យខ្លាច សម្រាប់ប្រជាជនកម្ពុជានោះទេ កំណើនសេដ្ឋកិច្ចក៏បន្ដមានកំណើន ជាមួយអត្រាអតិផរណាដែលអាចគ្រប់គ្រងបាន ដូច្នេះសេចក្ដីសុខនេះប្រជាជនកម្ពុជា គ្មានការភ័យខ្លាចរត់លូន ជាមួយនឹងការផ្ទេរអំណាចនោះទេ»