(កំពង់ចាម)៖ ប្រជាពលរដ្ឋ ២៨គ្រួសារ រស់នៅភូមិអន្លង់អកលិច ភូមិអន្លង់កើត ភូមិព្រែកគ្រួស ភូមិកោះតាង៉ោងទី១ ភូមិកោះតាង៉ោទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម បានស្នើឲ្យអភិបាលខេត្តកំពង់ចាម ជួយអន្ដរាគមន៍ និងដោះស្រាយបញ្ហាកាត់ដីរបបរបស់ខ្លួន ដែលរដ្ឋបានចែកជូន និងប្រើប្រាស់អាស្រ័យផលលើដីតាំងពីមុនឆ្នាំ១៩៨៤ ក្រោយយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់មុខព្រួញ (តំបន់កោះតាង៉ោទី២) នៃភូមិសាស្ដ្រខាងលើ កាលពីថ្មីៗ ។

យោងតាមលិខិតមួយច្បាប់របស់ប្រជាពលរដ្ឋចំនួន ២៨នាក់ អមជាមួយស្នាមមេដៃ ផ្ញើជូនលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំឲ្យលោកអភិបាលខេត្ត ជួយពិនិត្យ និងដោះស្រាយបញ្ហាកាត់ដីរបបកសិកម្ម និងដីរបបសេនាជន ដែលរដ្ឋបានចែកជូន ជាមធ្យមក្នុងដីរបប រហូតដល់ប្រវែង ៥០ម៉ែត្រ(បណ្ដោយ) ដែលធ្វើឲ្យគ្រួសារខ្លះ បាត់បង់ដីអស់រលីង គ្រួសារខ្លះស្ទើរតែអស់ ក្រោមហេតុផលទុកដីធ្វើជាចំណីបឹង ឬមេទឹក ។

ផ្អែកលើខ្លឹមសារប្រជាពលរដ្ឋ ទៅកាន់អភិបាលខេត្តកំពង់ចាមដដែល បានបញ្ជាក់ថា «ដីដែលយើងខ្ញុំកាន់កាប់ និងអាស្រ័យផលទាំងអស់ សុទ្ធតែជាដីរបប ដែលរដ្ឋបានចែកជូនប្រជាពលរដ្ឋ តាំងពីក្រោយឆ្នាំ១៩៧៩ ។ បន្ទាប់មកក៏មានការទិញលក់ និងដោះដូរ រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដោយគ្មានការកាប់ទន្ទ្រាន ឬរំលាភយកដីរដ្ឋ (មេទឹក) យកមកធ្វើជាកម្មសិទ្ធនោះទេ ។

សេចក្ដីដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា ដែលកំពុងរស់នៅក្រោមម្លប់សន្ដិភាព នៃតំបន់ខាងលើ សូមអនុញ្ញាតគោរពជូន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មេត្ដាជួយពិនិត្យ និងដោះស្រាយ បញ្ហាកាត់ដីរបបរបស់យើងខ្ញុំទាំងអស់គ្នា ដែលជាម្ចាស់កម្មសិទ្ធ និងជាដីរបបចែកដោយរដ្ឋយ៉ាងពិតប្រាកដ ដោយក្ដីអនុគ្រោះ» ។

លោក គី ម៉េងហាន និងលោក លី ឈុនឡា តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី និងកំពុងរងផលប៉ះពាល់នៃការកាត់ដីរបបនៅទីតាំងខាងលើ បានឲ្យដឹងថា ពួកលោក និងប្រជាពលរដ្ឋផ្សេងៗ ពិតជារីករាយ និងគាំទ្រពេញទំហឹង ចំពោះយុទ្ធនាការចុះបញ្ជីដីធ្លី និងចែកប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល ។ តែថ្មីៗនេះ ក្រោយការចុះវាស់ព្រំដីដើម្បីចុះបញ្ជី នៅតំបន់កោះតាង៉ោទី២ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានកាត់ដីរបបកសិកម្ម និងដីរបបសេនាជន ដែលរដ្ឋបានចែកជូន និងប្រើប្រាស់អាស្រ័យផលតាំងពីមុនឆ្នាំ១៩៨៤ ។

ក្រោយទទួលបានព័ត៌មាននេះ ប្រជាពលរដ្ឋ ដែលមិនសូវចេះអក្សរ និងយល់ដឹងស៊ីជម្រៅលើការងារនេះ បាននាំគ្នាទៅសួរព័ត៌មាននៅទីតាំងក្រុមការងារចុះបញ្ជីដីធ្លី និងមន្ដ្រីសូរិយោដី នៅតំបន់កោះតាង៉ោទី២ ដោយផ្ទាល់ ហើយទទួលបានការឆ្លើយតបខ្លីៗថា ម្ដងកាត់ទុកជាចំណីបឹង ម្ដងថាកាត់ទុកជាចំណីផ្លូវ ។ បន្ទាប់មកប្រជាពលរដ្ឋ ដែលមិនឯកភាពលើការកាត់ដីនេះ បានស្នើឲ្យបកស្រាយ និងដោះស្រាយ ដ្បិតពលរដ្ឋ ប្រាកដថា ដីទាំងនោះ គឺជាដីរដ្ឋចែកឲ្យ និងបានអាស្រ័យផលដោយស្របច្បាប់ មិនបានទន្ទ្រានដីបឹងនោះទេ តែមិនទទួលបានចម្លើយជាវិជ្ជមានណាមួយឡើយ ដោយម្ដងរុញឲ្យពលរដ្ឋ ទៅប្ដឹងនៅមន្ទីរធនធានទឹក ម្ដងរុញទៅខេត្ត ម្ដងរុញទៅស្រុក ។

ដោយកើតទុកមិនសុខចិត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទាំងអស់ បាននាំគ្នាទៅស្វែងរកការអន្ដរាគមន៍ពីអាជ្ញាធរឃុំ ដែលមានលោកស្រី គង់ សៀកអេង មេឃុំសូរគង អញ្ជើញជាសក្ខីភាពផ្ទាល់ និងមានការចូលរួមពីក្រុមប្រឹក្សាឃុំផងដែរ ។ ក្រោយជួបពិភាក្សាផ្ទាល់ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្រុមប្រឹក្សាឃុំក៏បានទទួលសំណើរប្រជាពលរដ្ឋ និងចុះពិនិត្យទីតាំងជាក់ស្ដែង ដើម្បីធ្វើរបាយការណ៍ ដោយភ្ជាប់ជាមួយលិខិតស្នើសុំអន្ដរាគមណ៍របស់ប្រជាពលរដ្ឋ រាយការណ៍ជូនអភិបាលខេត្តកំពង់ចាម ខណៈ ២ថ្ងៃក្រោយមក ក៏បានផ្ដល់ព័ត៌មានថា បានបញ្ជូនរបាយការណ៍ និងលិខិតប្រជាពលរដ្ឋ ដល់ដៃថ្នាក់ដឹកនាំខេត្តហើយ និងរង់ចាំថ្នាក់ខេត្តចុះមកដោះស្រាយជូនប៉ុណ្ណោះ ។

រយៈពេលជិត ១ខែ ដែលប្រជាពលរដ្ឋ ផ្ញើក្ដីសង្ឃឹមតាមរយៈអាជ្ញាធរឃុំ ដោយទន្ទឹងចាំផ្លូវថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យ និងដោះស្រាយ ហាក់គ្មានពន្លឺ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ មានប្រភពច្បាស់លាស់ពីមន្ដ្រីជាន់ខ្ពស់ខេត្តម្នាក់ ដែលធ្លាប់ដឹកនាំកិច្ចប្រជុំ និងដោះស្រាយបញ្ហាផ្សេងៗ នៅភូមិសាស្ដ្រខាងលើ បានបង្ហើបថា មិនទាន់ទទួលបានលិខិតស្នើសុំអន្ដរាគមន៍ពីប្រជាពលរដ្ឋរស់នៅតំបន់ខាងលើឡើយ ខណៈប្រភពពីច្បាស់ការមួយទៀត បានបញ្ជាក់ច្បាស់ៗថា ឯកសារនេះ ស្ថិតនៅស្រុកកងមាសនៅឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តជាខ្លាំង។

ដោយហេតុនេះ តំណាងប្រជាពលរដ្ឋស្លូតត្រង់ខាងលើ ស្នើសុំយ៉ាងដូច្នេះថា «តាងនាមប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិសាស្ដ្រចុះបញ្ជីដីធ្លី នៃតំបន់កោះតាង៉ោងទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម សូមក្ដីអាណិត និងគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទទួលយកលិខិតស្នើសុំរបស់ពួកខ្ញុំទាំងអស់គ្នា និងសូមឯកឧត្តមមេត្ដាជួយអន្ដរាគមន៍ពិនិត្យស្រាវជ្រាវ និងដោះស្រាយ ដោយក្ដីអនុគ្រោះបំផុត ដើម្បីផ្ដល់នូវតម្លាភាព និងយុត្តិធម៌ដល់ពួកខ្ញុំទាំងអស់គ្នា សម្រាប់អាស្រ័យផលលើដីរបបដោយស្របច្បាប់ និងមានសិទ្ធកាន់កាប់ត្រឹមត្រូវ»