(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសរង់ចាំមើលតើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អាចចេញដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស់ បានដែរឬទេ?

ថ្លែងនាឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សូមកុំធ្វើរដ្ឋប្រហារផ្តួលរំលំ សូមកុំដណ្តើមអំណាចដោយមធ្យោបាយមិនប្រជាធិបតេយ្យ ដែលជាឫសគល់នៃសង្គ្រាម ហើយវាក៏ជាឫសគល់នៃការប្រល័យពូជសាសន៍ផងដែរ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះដែរថា «យើងកំពុងតែរង់ចាំមើលនូវសាលដីការដែលបម្រុងចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងហាម៉ាស តើតុលាការនេះចេញបានឫអត់ ជាមួយនឹងសាលដីការចេញចាប់ពូទីន ចឹងតើតុលាការអន្តរជាតិមួយនេះមានយុត្តិធម៍ឫអត់? ចាប់ពូទីនចេញហើយ ឥលូវតើប្រុងចេញចាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងមេដឹកនាំហាម៉ាស់ ចឹងចាំមើលចេញបានឫមិនបាន យើងចាំមើល?»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សព្វថ្ងៃនេះនៅតំបន់ហ្កាហ្សា ឫចូលដល់ទីក្រុងដ៏ទៃទៀត នៅប្រទេសស៊ីរី មានមនុស្សស្លាប់រាល់ថ្ងៃ តើគិតយ៉ាងមិច? មានប្រទេសប្រធានាធិបតី នៃប្រទេសមហាអំណាចថា រឿងនៅតំបន់ហ្កាហ្សា មិនមែនជាអំពើប្រល័យពូជសាសន៍ ហើយបើសម្លាប់មនុស្សមិនមែនជាអំពើប្រល័យពូជសាសន៍សូមកុំមកចោទគេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មានគ្រាប់បែកទម្លាក់លើគេគ្រប់កន្លែង បើមិនប្រល័យពូជសាសន៍ទៀតវាចប់ហើយ មិនដឹងនិយាយយ៉ាងណាទៀតនោះទេ ដល់ទៅសម្លាប់មនុស្សគ្មានកំហុស អត់មានបញ្ហា ដឹងតែស្រួលខ្លួនរហូត ដូចនេះនៅលើលោកនេះគ្មានកម្លាំងច្បាប់នោះទេ គឺមានតែកម្លាំងអាវុធ អ្នកណាខ្លាំងអ្នកនឹងឈ្នះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានប្រកាសស្វែងរកការចេញដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែល និងក្រុមហាម៉ាស រួមទាំងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលទាក់ទងនឹងសង្គ្រាមរយៈពេលប្រាំពីរខែរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

ការចោទប្រកាន់មានចាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន និងសង្រ្គាមសងសឹករបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ គោលដៅរបស់លោក Khan រួមមាន៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ដែលនេះធ្វើឱ្យលោកក្លាយជារដ្ឋអាជ្ញា ICC ដំបូងគេដែលថ្លើមធំហ៊ានតាមប្រមាញ់មេដឹកនាំនៃប្រទេសមួយគាំទ្រដោយលោកខាងលិច។

លោក Khan ក៏បានស្នើសុំដីកាចាប់ខ្លួនមេដឹកនាំហាម៉ាសផងដែរ មានដូចជាលោក Ismail Haniyeh ជាមេដឹកនាំនយោបាយរបស់ហាម៉ាស, លោក Yahya Sinwar ជាប្រមុខក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងអគ្គមេបញ្ជាការក្រុមហាម៉ាស លោក Mohammed Deif។ លោកអះអាងដែរថា «វាមានហេតុផលគ្រប់គ្រាន់ដែលអាចជឿជាក់បានថាអ្នកទាំង៥នាក់នេះ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

ជាមួយនឹងដីកាចាប់ខ្លួនមេដឹកនាំអ៉ីស្រាអែលរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC), អ៉ីស្រាអែល​ ​បាន​រិះគន់យ៉ាងខ្លាំង សម្រាប់​ដីកា​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu ដោយ​ហៅ​វា​ថា​ជា «​ការ​អាម៉ាស់​ជា​ប្រវត្តិសាស្ត្រ​» និងបានថ្កោលទោសទង្វើនេះដោយបញ្ជាក់ថា ការដាក់ឱ្យមេដឹកនាំអ៉ីស្រាអែលស្មើគ្នាជាមួយនឹង «បិសាចណាស៊ីដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកហាម៉ាស» គឺមិនអាចទទួលយកបានទេ។

ជុំវិញរឿងខាងលើងនេះលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏បានចេញការពារអ៉ីស្រាអែលពេញទំហឹងនៅថ្ងៃចន្ទ ទី២០ ខែឧសភា ដោយនិយាយថាកងកម្លាំងអ៉ីស្រាអែលមិនមែនកំពុងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍នៅក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សានោះទេ ដែលនេះជាការច្រានចោលការរិះគន់ពីក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។

លោក ចូ បៃដិន យល់ថាអ៉ីស្រាអែលជាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលាដោយ ក្រុមហាម៉ាសដែលបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង ហើយថាការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសុវត្ថិភាព និងសន្តិសុខ របស់អ៉ីស្រាអែល គឺមានភាពរឹងមាំជានិច្ច។ «យើងឈរជាមួយអ៉ីស្រាអែលដើម្បីកម្ចាត់មេដឹកនាំហាម៉ាស Yahya Sinwar និងពេជ្ឈឃាដសេសសល់របស់ហាម៉ាស។ យើងចង់ឱ្យហាម៉ាសបរាជ័យ។ យើងកំពុងធ្វើការជាមួយអ៉ីស្រាអែលដើម្បីសម្រេចគោលដៅទាំងនេះ»

សូមជម្រាបដែរថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬហៅកាត់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងមានភារកិច្ចស៊ើបអង្កេតលើអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ។ លក្ខន្តិកៈទីក្រុងរ៉ូម ដែលមូលដ្ឋានគ្រឹះនៃតុលាការអន្តរជាតិនេះមានប្រទេសចំនួន ១២៤ជាសមាជិក ក្នុងនោះរួមមានទាំងប៉ាឡេស្ទីន។ ប៉ុន្តែ មហាអំណាចធំៗមួយចំនួនរបស់ ពិភពលោកមិនបានចូលរួមជាសមាជិកនោះទេ ដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា រុស្ស៉ី និងអ៉ីស្រាអែល ហើយកាតាជាទីដែលមេដឹកនាំហាម៉ាសដូចជាលោក Haniyeh កំពុងរស់នៅ ក៏មិនមែនជាសមាជិកដែរ៕