(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថា នៅខែធ្នូ ឆ្នាំ១៩៩៨ សម្តេចបានបញ្ជាឱ្យប្រើឧទ្ធម្ភាចក្រដឹកមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដែលរួមមានលោក នួន ជា, លោក ខៀវ សំផន និងលោក អៀង សារី មកដល់ផ្ទះរបស់សម្តេច ដោយពេលនោះ សម្តេចមានសំខាន់ៗចំនួន៣ ដើម្បីបង្ហាញប្រាប់ប្រជាជន និងសហគមន៍អន្តរជាតិ។

សម្តេចបញ្ជាក់ថា រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅប្រជាជនកម្ពុជាថា សង្គ្រាមបានបញ្ចប់ហើយ, ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ ឱ្យបញ្ចប់ការប្រយុទ្ធ ព្រោះមេដឹកនាំខ្មែរ បានចុះចូលអស់ហើយ និងផ្ញើសារចុងក្រោយផ្ញើទៅសហគមន៍អន្តរជាតិថា អាចមកលេង និងវិនិយោគនៅកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមទៀតហើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោបានថ្លែងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានឱ្យឧទ្ធម្ភាច្រកទៅដឹកលោក ខៀវ សំផន នួន ជា និងអ្នកដឹកនាំដទៃទៀត បើលោក ខៀវ សំផន គាត់មកទាំងខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន កូនប្រសារ ទាំងចៅមក ខ្ញុំត្រូវមានសារ៣ ដើម្បីផ្ញើចេញទៅក្រៅ ក្នុងការរៀបចំជំនួបបែបនេះ នៅផ្ទះរបស់ខ្ញុំ ទី១៖ខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាជនកម្ពុជា ថាសង្គ្រាមបានចប់ហើយ ដោយសារមេដឹកនាំថ្នាក់កំពូលៗទាំងអស់របស់ខ្មែរក្រហម បានចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រី ទី២៖ ខ្ញុំចង់ផ្ញើសារទៅកាន់កម្លាំងដែលនៅសេសសល់តិចតួច របស់ខ្មែរក្រហម ថាសូមអ្នកបញ្ចប់ការប្រយុទ្ធទៅ ព្រោះមេដឹកនាំរបស់អ្នកឯង បានមកចុះចូលដល់ផ្ទះខ្ញុំហើយ និងទី៣៖​ ខ្ញុំចង់ផ្ញើទៅកាន់សហគមន៍អន្តរជាតិ ថាសូមមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាបានបញ្ចប់សង្គ្រាមហើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅលើពិភពលោកនេះមិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត គឺតែសម្រាប់កម្ពុជា បានមានរួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមេដឹកនាំខ្មែរមកផ្ទះសម្តេចដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ អន្តរជាតិមួយចំនួន គេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ គឺមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពួកគេបានឱ្យខ្មែរក្រហមដើរលើកម្រាលព្រំក្រហម ទៅប្រជុំស្ទើរគ្រប់ប្រទេស៕