(ស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ក្នុងឃុំចំនួន៤ នៃស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធសាងសង់ស្ពានដែកស្ពានបាឡេ១ខ្សែ សម្រាប់ធ្វើដំណើរឆ្លងទន្លេបាត់ត្រាស់ ដែលកន្លងមកពួកគាត់ធ្វើដំណើរដោយឆ្លងទូកដរ ក្នុងម៉ូតូ១គ្រឿងមនុស្សម្នាក់តម្លៃ ២,០០០រៀលទៅមកអស់៤,០០០រៀល និងមនុស្សម្នាក់ ១,០០០រៀល។

ប្រជាពលរដ្ឋបានលើកសំណូមពរចង់បានស្ពានបាឡេនេះ កើតឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅកំពង់ចម្លងបាត់ត្រាស់ ភូមិបាត់ត្រាស់ ឃុំដូង ស្រុករមាសហែក។

ប្រជាពលរដ្ឋរស់នៅភូមិរវាំង ឃុំគគីរស្រុករមាសហែក បានឱ្យដឹងថា កំពង់ចម្លងបាត់ត្រាស់នេះ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងទូកដរនេះច្រើនណាស់ គឺមកពីភូមិចំនួន២០ ក្នុងឃុំចំនួន៤ គឺឃុំដូង ឃុំគគីរ ឃុំត្រស់និងឃុំអំពឹល។ រីឯអ្នកធ្វើដំណើរឆ្លងតាមកំពង់ចម្លងបាត់ត្រាស់នេះ រួមមាន៖ កម្មករកម្មការនីទៅធ្វើការរោងចក្រនៅក្រុងបាវិតខ្លះ នៅស្រុកស្វាយទាប ខ្លះទៅធ្វើការនៅតាមចំការនៅប្រទេសវៀតណាមព្រឹក ទៅល្ងាចមកវិញ ហើយអ្នកខ្លះទៀតរកស៊ី ផ្លាស់ប្តូរទំនិញ និងបន្លែ ត្រីសាច់ ជាដើម អ្នកខ្លះត្រូវឆ្លងទៅទិញទំនិញនៅផ្សាររមាសហែក ត្រូវឆ្លងទូកដរទៅមក ត្រូវចំណាយប្រាក់អស់ ៤,០០០រៀល។ កន្លងមកប្រជាពលរដ្ឋធ្លាប់បានស្នើសុំដល់អាជ្ញាធរឃុំ ស្រុកជាច្រើនលើកមកហើយ ក៏ប៉ុន្តែគ្មានចម្លើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមសំណូមពរទៅអាជ្ញាធរក៏ដូចជាក្រសួងពាក់ព័ន្ធ ជួយផ្តល់ស្ពានបាឡេមួយឆ្លងទន្លេបាត់ត្រាស់ (ភូមិរវាំងឃុំគគីរ និងភូមិបាត់ត្រាស់ឃុំដូង) ប្រវែងប្រមាណ ៧០ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែនធ្វើដំណើរទៅប្រកបមុខរបរ និងធ្វើការងារបានងាយស្រួល ដោយមិនចាំបាច់ចំណាយប្រាក់តទៅទៀត។

ពាក់ព័ន្ធនឹងការស្នើរបស់ប្រជាពលរដ្ឋចង់បានស្ពានបាឡេឆ្លងទន្លេបាត្រាស់នេះ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អង្គភាព Fresh News មិនអាចទំនាក់ទំនងបានទេនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ៕