(បាត់ដំបង)៖ វិទ្យាស្ថានគរុកោសល្យបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសចូលកាន់តំណែង នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងបើកដំណើរការពិព័រណ៍វិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា (STEM) 2024 ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៤០០០នាក់ដែលក្នុងនោះគរុនិស្សិតរៀបចំបាន៩០ស្នាដៃ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា ប្រធានគណៈគ្រប់គ្រងនាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ ស្ដីពីការតែងតាំងបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

បន្ទាប់ពីរាយការណ៍ដោយសង្ខេប នូវកម្មវិធីពិព័រណ៍ស្ទែម និងមានមតិប្ដេជ្ញាចិត្ដរួចមក បណ្ឌិត ជា រដ្ឋា បញ្ជាក់ផងដែរថា គោលបំណងចំនួន៣ក្នុងការរៀបចំនេះគឺ៖ (១) លើកកម្ពស់ការសិក្សា-ស្រាវជ្រាវមុខវិជ្ជាស្ទែម ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ពិសេសជម្រុញគំនិត នវានុវត្តន៍ និងសហគ្រិនភាព លើស្នាដៃ-ផលិតផល ដែលជាសមិទ្ធផលចេញពីការសិក្សា-ស្រាវជ្រាវលើមុខវិជ្ជាស្ទែម (២) ផ្តល់ជាវេទិកាដល់ប្អូនៗគរុនិស្សិត សិស្សានុសិស្ស អ្នកស្រាវជ្រាវកម្ពុជា ក្នុងការចែករំលែកនូវឧត្តមានុវត្តន៍នៃសិក្សា-ស្រាវជ្រាវលើមុខជំនាញស្ទែម (៣) កសាងបណ្តាញនៃការសិក្សា-ស្រាវជ្រាវលើមុខវិជ្ជាស្ទែម ជាមួយគ្រឹះស្ថានសិក្សានានាក្នុងខេត្តបាត់ដំបង ដើម្បីជម្រុញប្រសិទ្ធភាព និងផលិតភាពនៃការអប់រំលើមុខវិជ្ជាស្ទែមនៅគ្រប់កម្រិតភូមិសិក្សា។

ក្នុងឱកាសនោះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១. ស្តង់ដាសាលាគំរូ ដោយសង្កត់ធ្ងន់ទៅលើលក្ខណៈទាំង៥រួមមាន៖ ១.លទ្ធផលការសិក្សារបស់សិស្ស ២.ការបង្រៀន និងរៀន ដោយប្រើវិធីសាស្ត្រថ្មីៗ ៣.ការចូលរួមរបស់សហគមន៍ ៤.ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ៥.គណេយ្យភាពរបស់សាលារៀន

២. សារៈប្រយោជន៍កញ្ចប់អំណានដំបូង និងគណិតដំបូងដោយលោកផ្តោតសំខាន់ទៅលើ កញ្ចប់អំណានដំបូង និងគណិតដំបូង ដល់គរុនិស្សិត ដើម្បីធានាថាពួកគាត់នឹងយកវិធីសាស្ត្រនេះទៅប្រើប្រកបដោយប្រសិទ្ធភាព ពេលចេញទៅបង្រៀននៅតាមសាលាគោលដៅ

៣. ជម្រុញលើកទឹកចិត្តគ្រូឧទ្ទេសអោយអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការការបណ្តុះបណ្តាល បរិញ្ញា បូក ១ និង បរិញ្ញា បូក ២នៅពេលខាងមុខ

៤. គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី ១ ការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យាឌីជីថល។

៥. លើកទឹកចិត្តអោយវិទ្យាស្ថានប្រើប្រាស់ប្រព័ន្ធឌីជិថលក្នុងការគ្រប់គ្រងបុគ្កលិក និងដំណើរប្រតិបត្តិការរបស់វិទ្យាស្ថាន។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំអោយធ្វើការទំនាក់ទនងជាមួយនាយកដ្ឋានបច្ចេកវិទ្យា និងឌីជិថលនៃក្រសួងអប់រំ និងចូលជាបណ្តាញសាកលវិទ្យាល័យ Cyber

៦. ជម្រុញអោយគ្រូឧទ្ទេសវិទ្យាស្ថានគរុកោសល្យបាត់ដំបង ទៅទស្សនកិច្ចស្វែងយល់ពីសាលារៀនជំនាន់ថ្មី (សាលាស៊ីសុវត្ថិ និង សាលាព្រែកលៀប) ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ហើយលោកក៏បានលើកឡើងពីការប្រែក្លាយវិទ្យាល័យនេតយ៉ង់ ទៅជាសាលាជំនាន់ថ្មីនានាពេលមុខ។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ទំនុកចិត្តដល់ នាយក គណៈគ្រប់គ្រង និងគ្រូឧទ្ទេស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងជម្រុញអោយខិតខំបន្តស្នាដៃល្អៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅជាវិទ្យាស្ថានគរុកោសល្យឈានមុខ ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន៕