(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលក្រុង១ខ្នង មានកម្ពស់២ជាន់ ក្នុងក្រុងសិរីសោភ័ណ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស្រេង សុផល បានថ្លែងថា អគាររដ្ឋបាលក្រុង១ខ្នង ដែលត្រូវសាងសង់នេះ មានទំហំ២៨ម៉ែត្រ គុណ១៣ម៉ែត្រ មានជាន់ផ្ទាល់ដី ជាន់ទី១ កំពស់២ជាន់ និងដំបូលប្រកក្បឿង កសាងចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ រួចរាល់ នៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការសាងសង់អាគារនេះ គឺជាគំនិតផ្តួចផ្តើម និងឧបត្ថម្ភដោយ រដ្ឋបាលខេត្ត និងមានការចូលរួមពីសំណាក់អាជីវករ និងសប្បុរសមួយចំនួន នៅមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ។ ការកសាងនេះ កំណត់ធ្វើឲ្យហើយរួចរាល់ ក្នុងរយៈពេល១ឆ្នាំ សម្ពោធដាក់ដំណើរការ ឲ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងនោះ មានសាលប្រជុំ បន្ទប់ធ្វើការរបស់មន្ត្រីរាជការធំទូលាយ។

លោក ស្រេង សុផល ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ដល់លោក អ៊ុំ រាត្រី ដែលមានគំនិត និងបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា កៀងគរទាំងសប្បុរសជន ឲ្យចូលរួមកសាងអាគារមួយខ្នងនេះឡើង ដើម្បីឲ្យរដ្ឋបាលសាលាក្រុង មានកន្លែងធ្វើការស្រួល ក្នុងសាលាក្រុងសិរីសោភ័ណទាំងអស់ ធ្វើការប្រកបទៅដោយមានផាសុខភាព៕