(ក្រចេះ)៖ «សេវាសាធារណៈជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបម្រើប្រជាពលរដ្ឋរបស់រដ្ឋបាលឃុំ និងរដ្ឋបាលស្រុក។ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ»។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងអំឡុងពេលចុះពិនិត្យការងារផ្តល់សេវាសាធារណៈរបស់រដ្ឋបាល និងសាកសួរសុខទុក្ខមន្ត្រីដែលកំពុងបម្រើការងារ នៅសាលាស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ស្រុកអូរគ្រៀងសែនជ័យ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយកាត់យកឃុំចំនួន៥ពីស្រុកសំបូរគឺ ឃុំក្បាលដំរី ឃុំអូរគ្រៀង ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ និងមានចំនួនប្រជាជនជិត ៤ ម៉ឺននាក់រស់នៅ។

តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ទីតាំងរដ្ឋបាល «ស្រុកអូរគ្រៀងសែនជ័យ» ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។ រដ្ឋាភិបាលបានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ត្រូវអនុលោមតាមច្បាប់ស្តី ពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការបង្កើតស្រុកថ្មី «អូរគ្រៀងសែនជ័យ» បានធ្វើឲកយខេត្តក្រចេះបច្ចុប្បន្ននេះមានក្រុងចំនួន ១ និងស្រុកចំនួន៦។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងកោតសរសើរចំពោះមន្ត្រីនៃសាលាស្រុកទាំងអស់ ដែលបានលះបង់ និងបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ។

យោងតាមមន្ត្រីសាលាស្រុកអូរគ្រៀង សែនជ័យ ក្នុងមួយថ្ងៃៗ ប្រជាពលរដ្ឋ បានអញ្ជើញមករកសេវាសាធារណៈប្រមាណ ១០០នាក់។

លោក នេត្រ ភក្ដ្រា បានលើកទឹកចិត្តដល់មន្ត្រីសាលាស្រុកបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ និងចូលរួមដោះស្រាយបញ្ហាដែលភូមិឃុំមាន ជាពិសេសសហការជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឲ្យជាប់នូវបញ្ហាប្រឈមនានាដែលកើតមាន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ រដ្ឋបាលស្រុក ភូមិឃុំសហការគ្នាពង្រឹងការអនុវត្តគោលនយោបាយជាតិឃុំសង្កាត់ មានសុវត្ថិភាព ជាពិសេសចូលរួមទប់ស្កាត់លុបបំបាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗ ឲ្យទៅសិក្សារៀនសូត្រឲកហបានជ្រះជ្រៅ ព្រមទាំងចូលរួមក្នុងការការពារ និងអភិរក្សធនធាន​ធម្មជាតិ ដែលស្រុកអូរគ្រៀងសែនជ័យ មានសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕​