(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុនហានស៊ីន (Hanshin E&C) របស់កូរ៉េខាងត្បូង មានបំណងពង្រីកការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា បន្ថែមពីលើការងារដែលខ្លួនកំពុងធ្វើនៅកម្ពុជានាពេលបច្ចុប្បន្ន។

បំណងនេះត្រូវបានបញ្ជាក់ដោយលោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានជម្រាបសម្តេចធិបតី អំពីវឌ្ឍនភាព នៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Hanshin E&C រយៈពេលប្រមាណ១០ ឆ្នាំនៅកម្ពុជា លើវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុ។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា តាមរយៈប្រតិបត្តិការអាជីវកម្មរយៈពេលប្រមាណ​១០ ឆ្នាំមកនេះ ក្រុមហ៊ុនបានសិក្សាស្វែងយល់ច្រើនអំពីការធ្វើអាជីវកម្មនៅកម្ពុជា ហើយក្រុមហ៊ុន​កំពុងតែសិក្សា​បន្ថែមទៀត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យហិរញ្ញវត្ថុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងរីករាយចំពោះពិភាក្សាការងារជាមួយ​ប្រធានក្រុមហ៊ុន និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណលោកប្រធានក្រុមហ៊ុន Hanshin E&C ដែលបានបង្ហាញទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការពង្រីកទុនវិនិយោគ នៅកម្ពុជាលើវិស័យ​ហិរញ្ញ​វត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ​​ និងធុរកិច្ច​ នៅកម្ពុជា និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា ក្រុមហ៊ុន Hanshin E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដោយធ្វើអាជីវកម្មក្នុងការសាងសង់លំនៅឋាន ស្ថាបត្យកម្ម ការងារសង្គម អគ្គិសនី និងអាជីវកម្មរោងចក្រ ដ៏ល្បីល្បាញក្នុងសាធារណរដ្ឋកូរ៉េ។

Hanshin E&C បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការសាងសង់ហេដ្ឋារចនា​សម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។

ក្រុមហ៊ុន Hanshin E&C ក៏បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទផងដែរ៕