(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សស្រុក ដោយមានសមាជិកសមាជិកចូលចំនួន១០០១នាក់។

លោកសន្តិបណ្ឌិត សុខ ផល បានថ្លែងថា ថ្ងៃនេះ គឺជាទិវាដ៏នក្ខត្តឫក្ស ដែលយើងបានមកជួបជុំគ្នាយ៉ាងច្រើនកុះករនៅស្រុកបាណន់ ដើម្បីប្រារព្វពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលជាការបោះឆ្នោតមួយដ៏សំខាន់មួយ នៅក្នុងដំណើរការប្រជាធិតេយ្យនៅកម្ពុជា។

លោកបានបន្តថា ពិតមែនតែការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ប៉ុន្តែជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតគឺជាតំណាងរបស់ប្រជាជន និងទទួលបានសម្លេងឆ្នោតគាំទ្រផ្ទាល់ពីប្រជាជន។ ការជួបជុំគ្នារបស់យើងនាពេលនេះ ក៏បង្ហាញនូវកម្លាំងសាមគ្គីភាព, ភាពខ្លាំង និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងមានភាពចាស់ទុំខាងនយោបាយ ក្នុងបុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានៃយើង។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ បានបន្តលើកឡើងទៀតថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សដទៃទៀត, លោកបានសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សគ្រប់ លំដាប់ថ្នាក់នៃស្រុកបាណន់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ ក្នុងការបម្រើប្រជាជន និងការចូលរួមអភិវឌ្ឍស្រុក ក៏ដូចជាការចិញ្ចឹមចលនា ដើម្បីទាក់ទាញការគាំទ្របន្ថែមពីប្រជាជន និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាបន្តបន្ទាប់នារយៈពេលកន្លងមក ជាពិសេសការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលយើងទទួលបានជ័យជំនះលើសពីការរំពឹងទុក។

ក្នុងស្មារតីនេះ លោក បានអំពាវនាវដល់លោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់ទូទាំងស្រុក សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២៤ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដូចគ្នានឹងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាជាក់ជាមិនខាន ដើម្បីដើម្បីបន្ដរក្សាសន្ដិភាព និងកសាងសង្គមកម្ពុជាឱ្យរុងរឿងល្បាញល្បី។

នៅក្នុងឱកាសនោះដែរ លោកក៏បានអរគុណសមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមដ៏ច្រើនកុះករនាថ្ងៃដ៏មហាវិសេសវិសាលនេះ និងសូមផ្តាំផ្ញើឱ្យសមាជិសមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌, សេចក្តីថ្លៃថ្នូរ, រក្សាបាននូវវិន័យ, សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការនៃការបោះឆ្នោតក្នុងមូលដ្ឋានខេត្តកំពង់ធំ បានប្រព្រឹត្តិទៅដោយរលូន, គ្មានអំពើហឹង្សា, ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ លោកសន្តិបណ្ឌិត សុខ ផល បានជួបប្រជុំជាមួយអង្គបោះឆ្នោត ដើម្បីធ្វើការដកស្រង់បទពិសោធន៍ផងដែរ៕