(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅមុខមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា បេក្ខជនសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អង្គបោះឆ្នោត និងសមាជិក សមាជិក គណបក្សចំនួន៣៦០០នាក់។

លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សាឃុំ សង្កាត់ ភ្នាក់ងារ គណបក្ស និងសមាជិក សមាជិកាទាំងអស់នាឱកាសនេះ។ លោកបានផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥ ជូនចំពោះសមាជិក សមាជិកា គណបក្សប្រជាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ដែលតែងតែជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ថា «ការមកជួបជុំគ្នារបស់សមាជិក សមាជិកា ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកនាឱកាសនេះ គឺជាការបង្ហាញនូវសាមគ្គី ឯកភាព និងការគាំទ្រយ៉ាងមុតមាំចំពោះគណបក្សប្រជាជនកម្ពុជា»

លោកបានបន្តថា ភាពជោគជ័យដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ គឺចេញមកពីសាមគ្គីឯកភាពដែលកើតចេញពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។ លោកថា ភាពជឿជាក់ និងទំនួសខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជានេះហើយ ដែលនាំជំនឿទុកចិត្តជូនប្រជាជន៕