(ព្រះសីហនុ)៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនា, លោក សោម រតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីស្រោចសុគន្ធវារី ប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤-២០២៥ នៅទូទាំងខេត្តព្រះសីហនុ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានសង្ឃដីការអបអរសាទរពិធីស្រោចសុគន្ធវារីប្រកាសតែងតាំង ព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤- ២០២៥ ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងប្រកបដោយព្រះបញ្ញាណ ចូលរួមក្នុងសកម្មភាពផ្សេងៗ ក្នុងវិស័យសាសនា ក៏ដូចជាសង្គមជាតិទាំងមូលទទួលបានលទ្ធផលល្អជាទីមោទន ហើយសកម្មភាពទាំងនេះ ផ្តល់វិភាគទានយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក៏ជាការលើកទឹកចិត្តចំពោះការដឹងគុណចំពោះមេគណខេត្ត ដែលបានខិតខំកសាងសមត្ថភាព អំពើល្អ កេរ្តិ៍ឈ្មោះ កិត្តិយសប្រកបដោយមោទនភាព។
សម្តេចបានបន្តថា ការបើកបវេសនកាលឆ្នាំ២០២៤-២០២៥ នៅទូទាំងខេត្តព្រះសីហនុ វាមានសារៈសំខាន់សម្រាប់សមណសិស្ស សិស្សថ្មី និងសិស្សចាស់បានចូលរៀនឆ្នាំសិក្សាថ្មីនេះ ត្រូវគ្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អពីការសិក្សា ឲ្យក្លាយខ្លួនជាសិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ និងសាសនា។ ជាការពិតណាស់ ពិធីបើកបវសនការពុទ្ធិកសិក្សា ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តពីរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងគាំទ្រវិស័យព្រះពុទ្ធសាសនា ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
លោក គួច ចំរើន បានថ្លែងក្នុងពិធីស្រោចសុគន្ធវារីប្រកាសតែងតាំងព្រះមេគណខេត្តព្រះសីហនុ និងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងឱកាសនេះ ស្របពេលដែលប្រជាជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុងប្រកាសគាំទ្រយ៉ាងពេញទំហឹង លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូង ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។
លោកបានចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលត្រូវបានសម្តេចមហាសង្ឃរាជស្តីទី តែងតាំងជាព្រះមេគណខេត្ត បន្តពីព្រះវិមលសាគរ ហ្វាន់ ហឿង អតីតព្រះមេគណខេត្ត ដែលបានទទួលអនិច្ចធម្មទៅកាលពីខែកញ្ញា ឆ្នាំ២០២៣។ ការតែងតាំងនេះ ពិតជាស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ គុណវឌ្ឍ និងស្នាព្រះហស្តដែលព្រះវិមលសាគរបានខិតខំបូជា ព្រះកាយចំពោះសាសនា និងសង្គមជាតិ។
ទន្ទឹមនេះ សូមអបអរសាទរដល់ការបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា២០២៤-២០២៥ ដែលជាឱកាសសម្រាប់សមណសិស្ស សិស្ស សមណនិស្សិត បានសិក្សារៀនសូត្រ គោរពប្រតិបត្តិ ទៅតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនា សំដៅប្រែក្លាយព្រះសង្ឃដែលជាយុវបព្វជិត ឲ្យបានក្លាយទៅជាបណ្ឌិត បញ្ញវន្ត ចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនសក្តិសមជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។
លោក សោម រតនា ក្នុងនាមក្រសួងធម្មការ និងសាសនា បានចូលរួមអបអរសាទរចំពោះព្រះវិមលសាគរ គង់ ប្រុស ដែលទទួលបានការតែងតាំងនូវសមណសក្តិ ដ៏សក្តិសមនាពេលនេះ គឺជាការលើកទឹកព្រះទ័យដ៏ប្រពៃមួយ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងព្រះកាយ ព្រះបញ្ញាញាណចូលរួមក្នុងសកម្មភាពផ្សេងៗ ពិសេសខាងវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការចូលរួមក្នុងសង្គមជាតិទទួលបានលទ្ធផលល្អគួរជាទីមោទនៈក្នុងរយៈកាលកន្លងមក៕