(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូសន្និសីទ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នាថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានលើកឡើង ក៏ដូចជាឯកសារទស្សនទាន និងប្រធានបទទៅលើការត្រៀមបទអន្តរាគមន៍ លើចំនុចជាអាទិភាពចំនួន៦ ក្នុងចំណោមរបៀបវារៈទាំង១៦។
ទន្ទឹមនឹងនេះដែរ ក្នុងដំណើរចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ របស់គណៈប្រតិភូសុខាភិបាលកម្ពុជា ក៏មានការត្រៀមជំនួបជាទ្វេភាគី និងពហុភាគី ដោយឡែកពីរបៀបវារៈដែលមានក្នុង មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧។
ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានសម្របសម្រួល និងជំនួយជាបច្ចេកទេសក្នុងការត្រៀមចូលរួម មហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលផ្តោតលើអាទិភាពសុខាភិបាល ជាពិសេសការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕