(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក Cherdkiat Attharkor បានបញ្ជាក់អំពីគោលជំហរបន្តពង្រឹង និងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពសាធារណៈរបស់ថៃ តាមរយៈការបន្តជួយជ្រោមជ្រែងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យដៃគូនៅតាមព្រំដែន កំពុងពិនិត្យលទ្ធភាពលើការពង្រឹងសេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកអន្លង់វែង នៃខេត្តឧត្តរមានជ័យ។

ការថ្លែងបែបនេះរបស់លោក ក្នុងឱកាសដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកឯកអគ្គរាជទូតថៃ ក៏បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យ ក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើវិស័យសុខាភិបាល។ជាពិសេសថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃ និងលោក Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានបញ្ជាក់ជំហបន្តគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាល រួមមានការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-ថៃ និងបានចូលរួមគាំទ្រអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា រួមទាំងក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍន៍ ប្រព័ន្ធថែទាំសុខភាពឱ្យកាន់តែមានភាពធន់ និងរឹងមាំតាមរយៈការផ្តល់អំណោយរួមមាន ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យនៅតាមព្រំដែនកម្ពុជា-ថៃ កន្លងមក។

សូមជម្រាបថា ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីសមភាគីអំពីអាទិភាពទាំង៩ របស់ក្រសួងសុខាភិបាល នៅអណតិ្តទី៧ នៃរដ្ឋសភាផងដែរ៕