(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Jiangfeng Zhang ប្រធានការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។

លោករដ្ឋមន្ត្រីបានជម្រាបប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីថា ពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យភពផែនដីមានការឡើងកម្ដៅ និងបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។ លោករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ អភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពីអាទិភាពរបស់ក្រសួងក្នុងការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងបានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។

តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Jiangfeng Zhang បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក។

លោក Jiangfeng Zhang បានបញ្ជាក់ថា កិច្ចជំនួបនាពេលនេះក្នុងគោលបំណង ដើម្បីពិភាក្សាលើ៖

* ទី១) គម្រោងផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាពេលបច្ចុប្បន្ន និងការវិនិយោគដែលចាំបាច់ក្នុងវិស័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ (AFNR) ជាពិសេសក្នុងវិស័យទឹក។
* និង ទី២)កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ការពង្រឹងសន្តិសុខស្បៀង និងទឹក និងភាពធន់នឹងអាកាសធាតុនៅក្នុងប្រទេស។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ទី១)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងទី២)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។ ដោយឡែក គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នឹងត្រូវអនុម័ត និងចាប់អនុវត្តនៅចុងឆ្នាំ២០២៤ ខាងមុខនេះផងដែរ៕