(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត នឹងចូលរួម ដោយមានការប្រើប្រាស់សម្រាប់លំហាត់សមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។ សម្រាប់សមយុទ្ធនាគមាស លើកទី៦ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់ពិធីបើកសមយុទ្ធនាគមាសនេះភាគីកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំណែកភាគីចិន គឺលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៦ ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឡើងលើទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូង កាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

បើតាមលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សម្រាប់លំហាត់សមយុទ្ធនាគមាស លើកទី៦ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោក ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសម្រាប់សមយុទ្ធនៅលើផ្ទែសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់គឺ ២,០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១,៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់។ ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយោគលើគោករួមមាន៖ រថក្រោះ រថពាសដែក រថយន្តគ្រប់ប្រភេទចំនួន ៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន០២គ្រឿង»។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបន្តថា ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះគឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនេះនៅក្នុងគោលបំណងយោងតាមកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិនប្រចាំឆ្នាំ ដូចដែលធ្លាប់បានធ្វើ៥ លើករួចមកហើយ គឺផ្តោតសំខាន់ទៅលើប្រធានបទការប្រឆាំងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាពង្រឹងសន្តិសុខទប់ស្កាត់អំពើភារវកម្មនៅក្នុងស្រុកនីមួយៗ និងនៅក្នុងតំបន់ផងដែរ ហើយការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីទាំងពីរ នឹងប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿងជាដើម។

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាថ្មីថា ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤នេះ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ កម្ពុជា ស្វាគមន៍ជានិច្ចចំពោះប្រទេសជាមិត្តដែលមានបំណងធ្វើលំហាត់សមយុទ្ធ ប៉ុន្តែ ត្រូវគោរពសិទ្ធិរបស់កម្ពុជា។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺមានបានចំនួន៦ លើករួចមកហើយ។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងនៅឆ្នាំ២០២១-២០២២ ដែលប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។

កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕