(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដកតំណែងមន្ត្រីរូបណាដែលរកឃើញថាបានប្រើប្រាស់លុយ សម្រាប់សូកប៉ាន់ ដើម្បីឡើងដំណែង នៅក្នុងក្របខណ្ឌរបស់ក្រសួងបរិស្ថាន។

ការប្រកាសបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពប្រកាសប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ នៅទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសយ៉ាងដូច្នេះថា៖ «ការតែងតាំងរបស់ខ្ញុំ អនុរដ្ឋលេខាធិការឡើងមកថ្មី អគ្គនាយកឡើងថ្មី ក៏អត់ដឹងខ្លួនទេ ហើយសូមជម្រាបជូនថា បើការដំឡើងឋានៈណាមួយ អ្នកដែលបានឡើងហើយ ហ៊ានចាយលុយ ដើម្បីឡើងតំណែងនេះ គឺខ្ញុំសុំដកវិញ បើខ្ញុំដឹង សូកពីណា សូកទៅបើខ្ញុំដឹងខ្ញុំដកវិញ ប៉ុន្តែបើចំពោះខ្ញុំ កុំសូកខ្ញុំឱ្យសោះ ខ្ញុំមិនយកទេ»

ជាមួយគ្នានេះលោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ការតំឡើងឋានៈរបស់មន្ត្រី គឺធ្វើឡើងតាមរយៈសមត្ថភាព ចំណេះដឹង បទពិសោធន៍ការងារ និងការទទួលខុសត្រូវរបស់មន្ត្រីនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ៗថា «ទោះបីឋានៈណាក៏ដោយឱ្យតែស្ថិតនៅក្នុងក្របខណ្ឌក្រសួងបរិស្ថាន គឺត្រូវតែដកដំណែងវិញជាដាច់ខាត»។ លោកចាត់ទុកថា ការទទួលឡើងដំណែងដោយការសូកប៉ាន់នេះ គឺជាការទទួលបានដំណែងដោយគ្មានសមត្ថភាព និងគ្មានភាពយុត្តិធម៌ ចំពោះមន្ត្រីដទៃទៀតដែលខិតខំបំពេញការងាររបស់ខ្លួនដោយមាការទទួលខុសត្រូវ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា មន្ត្រីទាំងអស់ត្រូវរួមគ្នាជាធ្លុងមួយ ហើយក្នុងនាមជាអ្នកដឹកនាំក្នុងវិស័យបរិស្ថាន ត្រូវតែមានចំណេះដឹងទូលំទូលាយ មានភាពស្មោះត្រង់ជាមួយភារកិច្ចរបស់ខ្លួន ដែលថ្នាក់ដឹកនាំប្រគល់ជូន៕