(តាកែវ)៖ អ្នកសារព័ត៌មាន២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីផ្សាយព័ត៌មានខុសពីការពិតពាក់ព័ន្ធករណីបូមទឹកដាក់ស្រែ នៅស្រុកអង្គរបូរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ សម្រេចដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំកែប្រែកំហុសឆ្គងរបស់ខ្លួនជុំវិញការផ្សាយព័ត៌មានមិនពិតនេះ។

លោក ឯក ឆេងហួត ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះថា «សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ ប៉ុន្ដែពេលនេះបានដោះលែងត្រឡប់ទៅវិញហើយ ក្រោយរដ្ឋបាលខេត្តបានដកពាក្យបណ្ដឹង ពាក់ព័ន្ធការផ្សាយព័ត៌មានញុះញង់បង្កឲ្យមានចលាចល»

បើតាមលោក ឯក ឆេងហួត, ក្រោយដោះលែងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងតម្រូវឲ្យអ្នកសារព័ត៌មានទាំង២នាក់នេះ ធ្វើការសុំទោសចំពោះការផ្សាយព័ត៌មានខុសឆ្គងរបស់ខ្លួន។

សូមជម្រាបថា ទាក់ទិនករណីនេះរដ្ឋបាលស្រុកអង្គរបូរី បានចេញបំភ្លឺដោយធ្វើការបកស្រាយថា ការផ្សាយរបស់អ្នកសារព័ត៌មាន២នាក់នេះ គឺផ្ទុយពីការពិត។ ចំណែកឯឈុតឆាកសកម្មភាពបាច់ទឹកដាក់ស្រែដែលគ្មានស្រូវ គឺជាការបញ្ចើចបញ្ចើចំអកឡកឡឺយធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ព្រោះម្ចាស់ស្ថានីយ៍បូមទឹក៧មករា ឃុំបាស្រែនេះ យកថ្លៃសេវាទឹកក្នុងពេលកសិករធ្វើស្រែក្នុងមួយលើកៗ តម្លៃ២៤ម៉ឺនរៀល ទៅ២៦ម៉ឺនរៀលក្នុងមួយហិកតាប៉ុណ្ណោះ៕